(ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅរសៀលថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ បានឱ្យដឹងថាគ្រោះទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានសម្លាប់ មនុស្សកើនដល់យ៉ាងហោច៣៥នាក់ និងរាប់រយនាក់ផ្សេងទៀត រងរបួស ក្នុងតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំ២០២៤នេះ បានវាយប្រហារលើភាគឦសាន ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ វាបានកាត់ផ្ដាច់ចរន្តអគ្គិសនី និងបណ្ដាញទូរគមនាគមន៍ ជន់លិចផ្លូវ ព្រមទាំងបង្កឱ្យអគារ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ រងការបំផ្លិចបំផ្លាញយ៉ាងដំណំ នៅតាមផ្នែកជាច្រើននៃប្រទេស ជាពិសេសនៅក្នុងខេត្ត Quang Ninh និងទីក្រុង Haiphong។
អាជ្ញាធឧតុនិយមវៀតណាម បានព្រមាននៅថ្ងៃចន្ទនេះ ថាអាចនឹងមានគ្រោះទឹកជំនន់ និងរអិលបាក់ដីបន្ថែមទៀត ទោះបីព្យុះ Yagi បានថយចុះថាមពលវិញហើយក៏ដោយ ដោយសារតែភ្លៀង បាននាំមកនូវកម្ពស់ទឹកចម្លោះពី ២០៨មីលីម៉ែត្រ ដល់ ៤៣៣មីលីម៉ែត្រ នៅតាមផ្នែកជាច្រើននៃប្រទេស ក្នុងរយៈពេល២៤ម៉ោងមកនេះ។ ហានិភ័យនៃគ្រោះទឹកជំនន់ ខ្ពស់ជាងគេត្រូវបានព្រមាន នៅក្នុងខេត្តដូចជា Lang Son, Cao Bang, Yen Bai និងខេត្ត Thai Ngyen៕