(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ចទៅកាន់​ប្រទេសអារ៉ាប់ចំនួន២ គឺអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយដូច្នេះថា «ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែកញ្ញា លោកនាយករដ្ឋមន្រ្តី Li Qiang នឹងធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើជាប្រធានកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះជាន់ខ្ពស់ចិន-អារ៉ាប៊ីសាអូឌីត ហើយបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត និងអាមីរ៉ាតអារ៉ាប់រួម»

គួរបញ្ជាក់ថា បើតាមលោកស្រី Mao Ning ក្នុងសប្តាហ៍ដដែលនេះ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ក៏នឹងចេញដំណើរ​ទៅកាន់ប្រទេសរុស្ស៉ីផងដែរ ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខ រវាងក្រុមប្រទេសជាសមាជិក BRICS តបតាមការអញ្ជើញពីសំណាក់ លោក Sergei Shoigu លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី ចាប់ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា៕