(វ៉ាស៉ីនតោន)៖ ការស្ទង់មតិថ្នាក់ជាតិធ្វើឡើង ដោយកាសែត The New York Times និងវិទ្យាស្ថាន Siena College កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅបង្ហាញថា ការគាំទ្រចំពោះបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានតាមទាន់គ្នាយ៉ាងប្រកៀកប្រកិត ខណៈសល់ពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នឹងឈានដល់ការបោះឆ្នោតសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Trump ទទួលបានការគាំទ្រ ៤៨ភាគរយ នាំមុខលោកស្រី Harris ដែលទទួលបាន ៤៧ភាគរយ។ ខណៈយុទ្ធនាការឃោសនារបស់ លោក Trump បន្តធ្វើឡើងយ៉ាងស្វិតស្វាញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយប្រធានាធិបតី លោក ចូ បៃដិន ដកខ្លួនចេញពីការប្រកួត ការស្ទង់មតិថ្មីចុងក្រោយនេះ បង្ហាញថាការគាំទ្រជាមូលដ្ឋានគាំទ្រសម្រាប់រូបលោក មិនបានថយចុះនោះទេ។
ប៉ុន្តែ ការស្ទង់មតិថ្មីនេះបង្ហាញថា អ្នកបោះឆ្នោតដូចជាចង់ស្វែងយល់បន្ថែមពី លោកស្រី Harris ខណៈដែលការយល់ឃើញរបស់ពួកគេចំពោះ លោក Trump បានកំណត់រួចហើយ។ ២៨ភាគរយនៃអ្នកបោះឆ្នោត និយាយថា ពួកគេត្រូវការព័ត៌មានបន្ថែមអំពីបេក្ខជនបក្សប្រជាធិបតេយ្យ ខណៈមានតែ ៩ភាគរយប៉ុណ្ណោះ ដែលចង់ដឹងអំពីលោក Trump៕