(ដាម៉ាស)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល មកលើតំបន់ជនបទ Hama នៃប្រទេសស៉ីរី កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ (ម៉ោងក្នុងតំបន់) បណ្តាលឱ្យជនស៉ីវិល ៤នាក់ស្លាប់ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី រាយការណ៍ថា ជាការវាយប្រហារដែលកំណត់គោលដៅ លើមជ្ឈមណ្ឌលស្រាវជ្រាវដ៏សំខាន់មួយរបស់យោធា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩​ ខែកញ្ញា ឆ្នាំ ២០២៤។

ទីភ្នាក់ងារព័ត៌មានរដ្ឋស៉ីរី បានដកស្រង់សម្តីមន្រ្តីសុខាភិបាលតំបន់មួយរូប ឱ្យដឹងថា មនុស្សចំនួន ១៣នាក់ក៏បានរងរបួសផងដែរ នៅក្នុងការវាយប្រហារតាមអាកាស ជុំវិញទីក្រុង Misyaf នៃតំបន់ Hama។ តាមបណ្តាញចារកម្មក្នុងតំបន់ មជ្ឈមណ្ឌលស្រាវជ្រាវយោធាសំខាន់មួយ សម្រាប់ការផលិតអាវុធគីមី ដែលមានទីតាំងនៅជិតទីក្រុង Misyaf បានរងនូវការវាយប្រហារជាច្រើនលើក។ គេជឿជាក់ថា នៅទីនោះមានក្រុមអ្នកជំនាញយោធាអ៉ីរ៉ង់ កំពុងធ្វើការពាក់ព័ន្ធនឹងការផលិតអាវុធ។ ភ្លាមៗ នៅមិនទាន់ធ្វើការអត្ថាធិប្បាយពីអ៉ីស្រាអែលទេ។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស លើទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ អ៉ីស្រាអែល បានបង្កើនការវាយប្រហារទៅលើគោលដៅក្រុមគាំទ្រដោយអ៉ីរ៉ង់នៅស៉ីរី ហើយធ្លាប់ប៉ះពាល់ដល់ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ព និងកងកម្លាំងស៉ីរីមួយចំនួនផងដែរ៕