(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា បានអះអាងថាកងកម្លាំងរបស់ខ្លួនបានចូលគ្រប់គ្រងទាំងស្រុងលើទីក្រុងមួយ ក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ខណៈ កងទ័ពរុស្ស៉ីកំពុងវាយរុលទៅមុខតម្រង់ទៅកាន់ទីក្រុងយុទ្ធសាស្ត្រ Pokrovsk និងព្យាយាមវាយទម្លុះខ្សែការពាររបស់កងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពរុស្ស៉ីដែលកំពុងគ្រប់គ្រង១ភាគ៥ នៃទឹកដីអ៊ុយក្រែន ចាប់តាំងពីបើកការឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២មក បាន និងកំពុងរីកចម្រើនទៅមុខ ក្នុងតំបន់ ភាគខាងកើតអ៊ុយក្រែន ក្នុងគោលដៅវាយយកតំបន់ដុនបាស់ទាំងមូល ដែលមានផ្ទៃដីស្មើនឹងពាក់កណ្ដាលនៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថាកងទ័ពរបស់ខ្លួនបានចូលគ្រប់គ្រងទាំងស្រុងលើទីក្រុង Novohrodivka ស្ថិតនៅចម្ងាយពី១២គីឡូម៉ែត្រពីទីក្រុង Pokrovsk។ ទីក្រុង Novohrodivka ធ្លាប់មានប្រជាជន ១៤០០០នាក់រស់នៅ មុនសង្រ្គាមផ្ទុះឡើង។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុនថាការវាយលុករបស់អ៊ុយក្រែនចូលក្នុងតំបន់ Kursk របស់រុស្ស៉ី មិនអាចរារាំងការរីកចម្រើនទៅមុខ របស់កងទ័ពរុស្ស៉ីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែននោះទេ ហើយមិនតែប៉ុណ្ណោះមានតែធ្វើឱ្យខ្សែការពាររបស់កងទ័ពអ៊ុយក្រែននៅសមរភូមិចុះខ្សោយទៅវិញ។ ប៉ុន្តែ យោធាអ៊ុយក្រែននៅតែអះអាងថាប្រតិបត្តិការវាយលុកចូលតំបន់ Kursk នៅតែដំណើរការទៅមុខ ហើយថាកងទ័ពរុស្ស៉ីមិនមានភាពរីកចម្រើននោះទេក្នុងការវាយរុលឆ្ពោះ ទៅកាន់ទីក្រុង Pokrovsk ក្នុងរយៈពេល៦ថ្ងៃមកនេះ៕