(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាអតីតបេក្ខជនប្រធានាធិបតីវ៉េណេស៊ុយអេឡាមកពីគណបក្សប្រឆាំង លោក Edmundo Gonzalez ដែលបានភៀសខ្លួនចេញពីប្រទេសដើម្បីស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអេស្ប៉ាញ នៅតែជាក្ដីសង្ឃឹមសម្រាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា លោក Antony Blinken បានគូសបញ្ជាក់ថាការចាកចេញរបស់លោក Gonzalez ពីវ៉េណេស៊ុយអេឡា គឺជាលទ្ធផលដោយផ្ទាល់កើតចេញពីវិធានការប្រឆាំងប្រជាធិបតេយ្យដែលលោកប្រធានាធិបតី Nicolas Maduro បានដាក់ចេញដើម្បីបង្រ្កាបលើប្រជាជន វ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា អាជ្ញាធរអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ បាននិយាយថាលោក Edmundo Gonzalez បានធ្វើដំណើរទៅដល់អេស្ប៉ាញ ដើម្បីស្វែងរកសិទ្ធិជ្រកកោន តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានចាកចេញពីវ៉េណេស៊ុយអេឡា ចំពោះមុខវិបត្តិនយោបាយ និងការទូតពាក់ព័ន្ធនឹងជម្លោះលើលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីខែកក្កដា។ លោក Gonzalez ក៏កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនពីសំណាក់អាជ្ញាធរវ៉េណេស៊ុយអេឡាផងដែរ ដែលបានចោទប្រកាន់រូបលោកថាបានប្រព្រឹត្តបទល្មើសជាច្រើន។ ប៉ុន្តែលោក Gonzalez បានច្រានចោលរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោក៕