(ប៉េកាំង)៖ ចិនបានអំពាវនាវឱ្យហ្វីលីពីនពិចារណាឱ្យបានល្អិតល្អន់ពីអនាគតទំនាក់ទំនងនៃប្រទេសទាំង២ ដែលកំពុងសិ្ថតនៅលើផ្លូវបំបែក ចំពោះមុខភាពតានតឹងនៅក្នុងតំបន់ សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិន និងហ្វីលីពីន នាមួយរយៈពេលចុងក្រោយនេះបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការប៉ះទង្គិចគ្នារវាងនាវាឆ្មាំសមុទ្រ ក្នុងដែនទឹកក្បែរតំបន់ថ្មប៉ប្រះទឹកមានវិវាទ ក្នុងនោះរួម មានឈានដល់អំពើហិង្សាដែលធ្វើឱ្យមន្ត្រីហ្វីលីពីនម្នាក់ដាច់ម្រាមដៃមួយ។ ពាក់ព័ន្ធនឹងភាពតានតឹងនេះដែរ កាសែតរដ្ឋចិន People's Daily បានចេញផ្សាយបទអត្ថាធិប្បាយមួយ នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ ដោយអំពាវនាវឱ្យហ្វីលីពីនពិចារណាឡើងវិញពីអនាគតទំនាក់ទំនងនៃប្រទេសទាំង២។ កាសែតរដ្ឋចិនមួយនេះបានគូសបញ្ជាក់ដូច្នេះថា «ទំនាក់ទំនង រវាងចិន និងហ្វីលីពីនកំពុងស្ថិតនៅលើផ្លូវបំបែក ហើយកំពុងប្រឈមមុខថាតើត្រូវជ្រើសរើសផ្លូវមួយណាដើម្បីដើរទៅមុខ»។
People's Daily បន្ថែមទៀតថា «កិច្ចសន្ទនា និងការពិគ្រោះយោបល់គឺជាជំហានដ៏ត្រឹមត្រូវបំផុត ខណៈការប្រឈមមុខដាក់គ្នាមិនមែនជាមធ្យោបាយដោះស្រាយបញ្ហានោះទេ។ ដូច្នេះ ទីក្រុងម៉ានីលគួរតែពិចារណាឱ្យបានល្អិតល្អន់ពីអនាគតនៃទំនាក់ទំនងចិន និងហ្វីលីពីន ហើយធ្វើការជាមួយចិនដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីត្រឡប់មករកផ្លូវត្រូវវិញ»។
គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ សហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការការពារសន្តិសុខរបស់ហ្វីលីពីន បន្ទាប់ពីទីក្រុងម៉ានីលចោទប្រកាន់ថា ចិនមានចេតនាបញ្ឈប់ការធ្វើប្រតិបត្តិការផ្គត់ផ្គង់សម្ភារៈចំាបាច់ទៅឱ្យទាហានហ្វីលីពីនមួយក្រុមតូច ដែលកំពុងឈរជើងលើខ្មោចនាវាចម្បាំងមួយគ្រឿងនៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ ប៉ុន្តែ ចិនបានអះអាងថាខ្លួនធ្វើសកម្មភាអនុលោមតាមច្បាប់៕