(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរជូនលោក គីម ជុងអ៊ុន នាឱកាសនៃការប្រារព្ធខួបលើកទី៧៦ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
តាម KCNA ក្នុងសារអបអរសាទរ លោក ពូទីន បាននិយាយថាលោកផ្ទាល់មានការជឿជាក់យ៉ាងមុតមាំថាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៉ី និងកូរ៉េខាងជើង នឹង ត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំតាមផែនការដែលបានកំណត់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង២។ ដោយឡែក លោក ស៊ី ជីនពីងវិញបានអំពាវនាវឱ្យពង្រឹងទំនាក់ទំនង យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចិន និងកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ លោក គីម ជុងអ៊ុន បានប្រារព្ធខួបនៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ដែលត្រូវចំថ្ងៃទី៩ ខែកញ្ញា ជាមួយការធ្វើព្យុហយាត្រាយោធា និងការសន្យាទៅវិញទៅមកជាមួយចិន និងរុស្ស៉ី លើការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ៕