(ដាកា)៖ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus បានអំពាវនាវឱ្យមានការតាំងទីលំនៅជាបន្ទាន់ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅកាន់ប្រទេសទីបី ដោយសារតែចំនួនជនភៀសខ្លួនកំពុងកើនឡើង ដោយសារអំពើហិង្សានៅរដ្ឋរ៉ាឃីន។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

បង់ក្លាដែសកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ ដែលភាគច្រើនបានភៀសខ្លួនពីអំពើហិង្សាយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧។ លោក Yunus ជំរុញឱ្យដំណើរការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនទាំងនេះ មានប្រសិទ្ធភាព និងមិនមានការរាំងស្ទះ។

ការអំពាវនាវនេះកើតឡើង ក្រោយការកើនឡើងនៃអំពើហឹង្សានៅរដ្ឋរ៉ាឃីន ដែលបង្ខំឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ភៀសខ្លួនទៅបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការប្រយុទ្ធគ្នារវាងរបបយោធាមីយ៉ាន់ម៉ា និងកងទ័ពអារ៉ាកាន បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ដោយបង្ខំឱ្យជនមូស្លីមរ៉ូហ៊ីងយ៉ាប្រហែល ៨,០០០នាក់ឆ្លងដែនចូលទៅក្នុងប្រទេសបង់ក្លាដែស។ នេះបានបន្ថែមភាពតានតឹងដល់ជំរុំជនភៀសខ្លួនដែលមានស្រាប់នៅក្នុងស្រុក Cox's Bazar របស់បង់ក្លាដែស ដែលជាជម្រករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយលាននាក់រួចទៅហើយ។

ទោះបីជាសហរដ្ឋអាមេរិកបានសន្យាថា នឹងតាំងទីលំនៅជនភៀសខ្លួនរាប់ពាន់នាក់ក៏ដោយ ក៏ដំណើរការនេះនៅតែយឺតយ៉ាវ ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានសកម្មភាពលឿនជាងមុន។ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នបានសង្កត់ធ្ងន់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមានសង្ឃឹមតិចតួចក្នុងការវិលត្រឡប់ទៅកាន់មីយ៉ាន់ម៉ាដោយសុវត្ថិភាព ដោយសារតែការបដិសេធសិទ្ធិជាពលរដ្ឋ និងសិទ្ធិជាមូលដ្ឋានផ្សេងទៀត។ ដូច្នេះ ការតាំងទីលំនៅថ្មីនៅប្រទេសទីបីគឺជាជម្រើសដ៏សំខាន់សម្រាប់អនាគតរបស់ពួកគេ។

រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Mohammad Touhid Hossain ក៏បានសម្តែងការព្រួយបារម្ភអំពីសមត្ថភាពរបស់ប្រទេស ក្នុងការទទួលយកជនភៀសខ្លួនថ្មី និងបានអំពាវនាវឱ្យប្រទេសដទៃ រួមទាំងឥណ្ឌា ចែករំលែកទំនួលខុសត្រូវ។ លោកក៏បានជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើកងទ័ពអារ៉ាកាន ដើម្បីបញ្ចប់អំពើហិង្សានៅរដ្ឋរ៉ាឃីន៕