(ប៉េកាំង)៖ អ្នកបើករថភ្លើងនីហ្សេរីយ៉ា ដែលទទួលការបណ្តុះបណ្តាលពីសហគ្រាសចិន បានបើកបររថភ្លើងល្បឿនលឿន ដែលផលិតដោយប្រទេសចិន បាននិងកំពុងរត់យ៉ាងលឿន នៅលើផ្លូវដែកពណ៌ខៀវក្រុង Lagos បុគ្គលិកពេទ្យដែលទទួល ការបណ្តុះបណ្តាលក្នុងគម្រោងសហប្រតិបត្តិការ រវាងចិននិងកូម៉ូរ៉ូបាននិងកំពុងព្យាបាលអ្នកជំងឺជាច្រើននាក់ សិស្សនិស្សិតអេត្យូពី ដែលបន្តការសិក្សានៅប្រទេសចិន បន្ទាប់ពីត្រឡប់ទៅប្រទេសខ្លួនវិញ បានបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថលតាមរយៈ ការរៀនសូត្រពីបទពិសោធផ្នែកធុរកិច្ចអេឡិចត្រូនិករបស់ចិន ដើម្បីផ្តល់សេវាកម្មទូទាត់តាមអនឡាញសម្រាប់ប្រជាជនក្នុងតំបន់ ។ល។
បើរំលឹកឡើងវិញនូវសមិទ្ធផល ដែលវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិក ទទួលបានបន្ទាប់ពីបានបង្កើតឡើងកាលពីឆ្នាំ ២០០០ មក យើងអាចមើលឃើញថា ពី"ផែនការសហប្រតិបត្តិការធំៗទាំង ១០ " "ផែនការប្រតិបតិ្តចំនួន ៨ "ដល់"គម្រោងចំនួន ៩ "រហូតដល់" ផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្ស រវាងចិននិងអាហ្វ្រិក" ការបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើន សម្រាប់អនាគតរបស់អាហ្វ្រិក គឺជាវិធានការជាប់លាប់របស់ចិន ក្នុងការជំរុញការអភិវឌ្ឍរបស់អាហ្រ្វិក។ ប្រទេសចិនបានផ្សារភ្ជាប់ ជាមួយតម្រូវការជាក់ស្តែងរបស់ប្រទេសពាក់ព័ន្ធ ដោយបណ្តុះបណ្តាលធនធានមនុស្សគ្រប់ប្រភេទ សម្រាប់ប្រទេសអាហ្វ្រិកដើម្បីជួយ ប្រទេសអាហ្វ្រិកឱ្យលើកកម្ពស់ សមត្ថភាពអភិវឌ្ឍន៍ ដោយម្ចាស់ការរបស់ខ្លួនជាបន្តបន្ទាប់។
ការបង្កើនការបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យា ជាពិសេសគឺការពង្រីកការអប់រំវិជ្ជាជីវៈវាមិនត្រឹមតែជាតម្រូវការ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសអាហ្រ្វិកប៉ុណ្ណោះទេ ថែមទាំងក៏ជាជម្រើសដ៏ចាំបាច់ សម្រាប់ការដោះស្រាយបញ្ហាលំបាក នៃចំនួនប្រជាជនរបស់អាហ្រ្វិកនិងពង្រីកយ៉ាងពេញលេញ នូវភាគលាភដែលបានមកពីចំនួនប្រជាជនផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសអាហ្រ្វិកដោយ បានផ្តល់ការគាំទ្រផ្នែកធនធានមនុស្សខាងបច្ចេកវិទ្យា និងក្រុមគ្រូបង្រៀនជាដើមដែលទទួលបាន ប្រសិទ្ធភាពដ៏លេចធ្លោក្នុងវិស័យជាច្រើន ។
យោងតាម «របាយការណ៍ស្តីពីការធ្វើបរិវត្តកម្មការអប់រំរបស់អាហ្រ្វិក» ដែលចេញផ្សាយដោយមូលនិធិកុមារ នៃអង្គការសហប្រជាជាតិ និងគណៈកម្មាធិការសហភាពអាហ្វ្រិក បានឱ្យដឹងថា នៅពាក់កណ្តាលសតវត្សរ៍នេះ ចំនួនកុមារនិងក្មេងជំទង់ដែលមានអាយុក្រោម ១៨ ឆ្នាំនៅទ្វីបអាហ្រ្វិកនឹងឡើងដល់ ១ ពាន់លាននាក់ដែលស្ទើរតែស្មើនឹង ៤០ ភាគរយនៃចំនួនប្រជាជនដែលមានអាយុដូចគ្នា នៅទូទាំងពិភពលោក។ ប៉ុន្តែ ការអភិវឌ្ឍនៃការធ្វើឧស្សាហូបនីយកម្មនិងការធ្វើទំនើបកម្មកសិកម្ម នៃប្រទេសអាហ្រ្វិក មានភាពយឺតយ៉ាវបង្គួរ ក្នុងនោះមូលហេតុមួយចំនួន គឺដោយមកពីទ្វីបអាហ្រ្វិកខ្វះធនធានមនុស្សខាងបច្ចេកវិទ្យាដ៏គ្រប់គ្រាន់ សម្រាប់ផ្តល់ការទ្រទ្រង់ដល់ការអភិវឌ្ឍរបស់ខ្លួន។
អង្គការសមាហរណកម្មក្នុងតំបន់ដែលមានសហភាពអាហ្វ្រិកជាតំណាង បាននិងកំពុងជំរុញយ៉ាងសកម្មនូវការបណ្តុះបណ្តាល ធនធានមនុស្សខាងបច្ចេកវិទ្យារបស់អាហ្រ្វិក។ សហភាពអាហ្រ្វិកបានដាក់ចេញ «យុទ្ធសាស្ត្រស្តារឡើងវិញស្តីពីការអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់អាហ្រ្វិក» កាលពីឆ្នាំ ២០០៧ ក្នុងគោលបំណងជំរុញឱ្យ បណ្តាប្រទេសអាហ្រ្វិក បង្កើនការអប់រំជំនាញវិជ្ជាជីវៈ ហើយ«របៀបវារៈឆ្នាំ ២០៦៣ »របស់សហភាពអាហ្រ្វិក ក៏បានចាត់ទុក "ការអប់រំនិងជំនាញដ៏ល្អប្រសើរក្នុងបរិបទច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា" ជាគោលដៅមួយផងដែរ។
ព្រមពេលជាមួយគ្នានេះ បណ្តាប្រទេសអាហ្រ្វិកបានដាក់ចេញគោលនយោបាយពាក់ព័ន្ធ ដើម្បីអភិវឌ្ឍធនធានមនុស្ស ខាងបច្ចេកវិទ្យាវិជ្ជាជីវៈ។ សូមយកប្រទេសអាហ្រ្វិកខាងត្បូងជាឧទាហរណ៍ ក្រសួងការអប់រំថ្នាក់ឧត្តមសិក្សា និងបណ្តុះបណ្តាល របស់ប្រទេសនេះបានចេញផ្សាយ «សៀវភៅសស្តីពីការអប់រំ និងបណ្តុះបណ្តាលមនុស្សពេញវ័យ» នៅពេលមុននេះ ដែលបានលើកឡើងពីគោលដៅកំណែទម្រង់ ស្តីពីការអប់រំនិងបណ្តុះបណ្តាលខាងបច្ចេកវិទ្យា លើកទឹកចិត្តឱ្យសម្រេចបាន នូវការតភ្ជាប់រវាងការអប់រំថ្នាក់ឧត្តមសិក្សាគ្រប់ស្រទាប់ជាន់ថ្នាក់ និងប្រព័ន្ធបណ្តុះបណ្តាល ហើយពង្រីកទ្រង់ទ្រាយ នៃការអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងបានលើកឡើងថា ដល់ឆ្នាំ ២០៣០ ចំនួនសិស្សនិស្សិត ដែលបានសិក្សានៅក្នុងវិទ្យាស្ថានជំនាញវិជ្ជាជីវៈ នៅអាហ្វ្រិកខាងត្បូងនឹងឡើងដល់ ២,៥ លាននាក់។
យ៉ាងណាមិញ ការបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យា របស់អាហ្រ្វិកក៏ប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះបូករួមទាំងកង្វះខាតគ្រឿងបរិក្ខាររឹង និងក្រុមគ្រូបង្រៀននៅក្នុងគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ភាពរួមបញ្ចូលគ្នានៃការផលិត ការៀនសូត្រនិងកាសិក្សាស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការ រវាងសាលារៀននិងសហគ្រាសនៅតែស្ថិត ក្នុងកម្រិតទាបបង្គួរដដែល ការវិនិយោគខាងប្រាក់ទុនមិនគ្រប់គ្រាន់ ក៏ដូចជាការអភិវឌ្ឍ វិស័យអប់រំជំនាញវិជ្ជាជីវៈ ក្នុងតំបន់និងស្រទាប់វណ្ណៈខុសៗគ្នា មានអតុល្យភាពជាដើម។
ការអប់រំវិជ្ជាជីវៈគឺជាវិស័យដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងចិននិងអាហ្វ្រិក ។ «ផែនការសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលធនធានមនុស្សរវាងចិននិងអាហ្វ្រិក» បានលើកឡើងថា ប្រទេសចិននឹងបន្តបង្កើន កិច្ចសហប្រតិបត្តិការ ស្តីពីការកសាងសមត្ថភាពដូចជា ការផ្ទេរបច្ចេកទេស អប់រំនិងការបណ្តុះបណ្តាលជាដើមជាមួយទ្វីបអាហ្រ្វិក ដែលបូករួមទាំងការអនុវត្ត "ផែនការសហប្រតិបត្តិការអំពីគ្រឹះស្ថានឧត្តមសិក្សា១រយចិន-អាហ្វ្រិក" និងផែនការស្តីពីការបណ្តុះបណ្តាលគ្រូបង្រៀននៃ "ខ្សែក្រវាត់និងផ្លូវ" ពោលគឺ ប្រទេសចិននឹងបណ្តុះបណ្តាលសកលវិទ្យាធិការ និងគ្រូបង្រៀនឆ្នើមចំនួន ៥០០ រូបសម្រាប់សាលាវិជ្ជាជីវៈ របស់អាហ្វ្រិកជារៀងរាល់ឆ្នាំ បណ្តុះបណ្តាល គ្រូបង្រៀនភាសាចិន របស់ប្រទសអាហ្រ្វិកចំនួន ១០០០ នាក់ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សចម្រុះ របស់ប្រទេសអាហ្រ្វិកចំនួន ១ ម៉ឺននាក់តាមរយៈកម្មវិធីអប់រំ "ភាសាចិនបូកនឹងជំនាញវិជ្ជាជីវៈ"។ ឧទាហរណ៍ដូចជា វិទ្យាស្ថានខុងជឺនៃប្រទេសរវ៉ាន់ដា បានចាប់ផ្តើមបង្រៀនភាសាចិនកាលពីឆ្នាំ ២០០៩ ហើយបានបើកវគ្គសិក្សាជាបន្តបន្ទាប់ ដូចជា វគ្គសិក្សាអំពី "ការបណ្តុះបណ្តាលភាសាចិនបូកនឹង បច្ចេកវិទ្យាត្បាញចម្រៀកពីឬស្សី" វគ្គសិក្សាអំពី "ការបណ្តុះបណ្តាលភាសាចិន បូកនឹងបុគ្គលិកវេជ្ជសាស្ត្រ" និងវគ្គសិក្សាអំពី "ការបណ្តុះបណ្តាលភាសាចិនបូកនឹងបច្ចេកទេសកសិកម្ម"។
រោងជាង Luban គឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងចិននិងអាហ្វ្រិក ។ នាពេលបច្ចុប្បន្ន ប្រទេសចិនបានបង្កើតរោងជាង Luban ចំនួន ១៧ កន្លែងនៅក្នុងប្រទេសអាហ្វ្រិកចំនួន ១៥ ដើម្បីផ្សារភ្ជាប់ជាមួយតម្រូវការសហប្រតិបត្តិការ នៃការធ្វើឧស្សាហូបនីយកម្មរបស់អាហ្វ្រិកនិងកិច្ចសហប្រតិបតិ្តការ ផ្នែកផលិតភាពរវាងចិននិងអាហ្វ្រិក ក៏ដូចជាជំរុញឱ្យប្រជាជនក្នុងតំបន់មានការងារធ្វើ។ វគ្គបណ្តុះបណ្តាល រយៈពេលខ្លី ដែលបានរៀបចំឡើងដោយសហគ្រាសចិនមួយចំនួន និងវិទ្យាស្ថានវិជ្ជាជីវៈដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក៏បានដើរតួនាទីជំរុញដ៏វិជ្ជមាន ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ខាងជំនាញវិជ្ជាជីវៈ របស់ទ្វីបអាហ្វ្រិកផងដែរ។
លើសពីនេះទៅទៀត ការបណ្តុះបណ្តាលក្នុងវិស័យកសិកម្ម ក៏បាននាំមកនូវលទ្ធផលជាផ្លែផ្កាដែរ។ តាមការលើកឡើងបានឱ្យដឹងថា បច្ចេកវិទ្យាអំពីការដាំដុះស្មៅ Juncao របស់ប្រទេសចិន បានជំរុញឱ្យប្រជាជនអាហ្រ្វិករាប់សែននាក់ បង្កើនប្រាក់ចំណូល ហើយការផ្សព្វផ្សាយនិងប្រើប្រាស់បច្ចេកទេសស្រូវបង្កាត់ របស់ប្រទេសចិន បានជំរុញបរិមាណទិន្នផលស្រូវ របស់ប្រទេសអាហ្វ្រិកជាច្រើនបានកើនឡើង ពីគិតជាមធ្យម ២ តោនក្នុងមួយហិកតាដល់ ៧,៥ តោន។
ប្រទេសចិនក៏បានជួយប្រទសអាហ្រ្វិកឱ្យបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យា "តាមវិធីសាស្ត្រ" អញ្ជើញឱ្យចូលមក"ផងដែរ។ ដោយឡែកគម្រោងនិស្សិតបន្តការសិក្សាមួយចំនួន បានជំរុញឱ្យយុវជនក្នុងតំបន់លើកកម្ពស់ សមត្ថភាពបច្ចេកទេសរបស់ខ្លួន តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងការអប់រំខាងសញ្ញាបត្រសម្រាប់សិស្សនិស្សិតអាហ្វ្រិក។
ធនធានមនុស្សគឺជាការទ្រទ្រង់ជាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា។ នៅពេលអនាគត ប្រទេសចិននឹងរួមសហការ ជាមួយប្រទេសអាហ្រ្វិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ថែមមួយកម្រិតទៀត ចែករំលែកនូវបទពិសោធ និងទស្សនៈអភិវឌ្ឍន៍កាន់តែច្រើនឡើងៗ ដើម្បីជួយប្រទេសអាហ្វ្រិកទាំងឡាយឱ្យបង្កើន កិច្ចកសាងសមត្ថភាពរបស់ខ្លួន ក៏ដូចជារួមចំណែកជាកម្លាំងចិនសម្រាប់ប្រទេសអាហ្វ្រិក ក្នុងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន