(បែរឡាំង)៖ ទស្សនាវដ្តីអាល្លឺម៉ង់ Spiegel បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី៧ ខែកញ្ញាថា នាវាចម្បាំងអាល្លឺម៉ង់២គ្រឿង ត្រូវបានកំណត់ថា នឹងធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏រសើប គឺច្រកសមុទ្រតៃវ៉ាន់ នៅអំឡុងពាក់កណ្តាលខែនេះ ហើយក្លាយជា នាវាយោធាអាល្លឺម៉ង់ដំបូងគេបំផុត ដែលធ្វើបែបនោះ ក្នុងរយៈពេល២២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីខែសីហាកន្លងទៅ Reuters បានរាយការណ៍ថា នាវាចម្បាំងទាំង២គ្រឿងខាងលើ កំពុងរង់ចាំបញ្ជាពីទីក្រុងបែរឡាំង ថាតើនឹងត្រូវបើក​ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែរ ឬក៏អត់។ ទស្សនាវដ្តី Spiegel បានអះអាងថា ទីក្រុងប៉េកាំង នឹងមិនត្រូវបានជូនដំណឹងជាផ្លូវការឡើយ អំពីការធ្វើដំណើរឆ្លងកាត់របស់នាវាចម្បាំងអាល្លឺម៉ង់ ដើម្បីសង្កត់ធ្ងន់ថា ទីក្រុងបែរឡាំងចាត់ទុក សកម្មភាពនេះគឺជារឿងធម្មតា។ ជាច្រើនសប្តាហ៍មកនេះ នាវាទាំង​២គ្រឿង បាននិងកំពុងចូលរួម ការធ្វើសមយុទ្ធនៅក្នុងតំបន់ ជាមួយបារាំង ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៉ី សិង្ហបុរី ហ្វីលីពីន ព្រមទាំង​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ស្របពេលដែលអាមេរិក និងប្រទេសដទៃទៀត រួមមានទាំងកាណាដា បានបញ្ជូននាវាចម្បាំងបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ អំឡុងប៉ុន្មានខែចុងក្រោយនេះ វានឹងជាការធ្វើដំណើរឆ្លងកាត់លើកទីមួយ របស់កងទ័ពជើងទឹកអាល្លឺំម៉ង់ គិតចាប់តាំងតែពីឆ្នាំ២០០២មក។ ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដូច្នេះហើយច្រកសមុទ្រតៃវ៉ាន់ ក៏ស្ថិតក្រោមដែនយុត្តាធិការរបស់ទីក្រុងប៉េកាំងដែរ ប៉ុន្តែ​សហរដ្ឋអាមេរិក និងតៃវ៉ាន់ផ្ទាល់ បានប្រកែកថា វាជាច្រកផ្លូវទឹកអន្តរជាតិ។ ការបើកឆ្លងកាត់ច្រកសមុទ្រនេះ ដោយនាវាចម្បាំងបរទេស តែងតែត្រូវបានថ្កោលទោសដោយចិន ដែលនិយាយថា វាជាសកម្មភាពបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់៕