(កៀវ)៖ នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះ កងកម្លាំងអាកាសអ៊ុយក្រែននិយាយថា រុស្ស៉ីបានបាញ់យន្តហោះដ្រូន Shahed រយៈចម្ងាយឆ្ងាយសរុបចំនួន ៦៧គ្រឿងនៅក្នុងការវាយប្រហារពេញមួយយប់ថ្ងៃសុក្រ ហើយ ៥៨គ្រឿងត្រូវបានបាញ់ទម្លាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍តាមបណ្តាញ Telegram បានឱ្យដឹងថា អង្គភាពការពារដែនអាកាសបានចេញធ្វើសកម្មភាពទប់ស្កាត់នៅក្នុងតំបន់ចំនួន ១១ទូទាំងប្រទេសអ៊ុយក្រែន។ កម្ទេចកំទីនៃដ្រូនក៏ត្រូវបានរកឃើញ នៅក្បែរអគាររដ្ឋសភា ក្នុងទីក្រុងកៀវ ផងដែរ។ វាជាករណីដ៏កម្រ ដែលមីស៉ីល ឬដ្រូនរុស្ស៉ីអាចទម្លុះដល់កណ្តាលទីក្រុងកៀវ ពីព្រោះរដ្ឋធានីមួយនេះត្រូវបានបំពាក់ដោយប្រព័ន្ធការពារដែនអាកាសសម័យសូវៀត និងលោកខាងលិច។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ Reuters នៅរដ្ឋធានីកៀវ ក៏បានឮសូរនូវការផ្ទុះជាបន្តបន្ទាប់នៅវេលាម៉ោង ៣ទៀបភ្លឺថ្ងៃសៅរ៍ ដោយសំលេងខ្លះបានបន្លឺឡើងនៅកណ្តាលទីក្រុងតែម្តង។ តាមកងកម្លាំងអាកាសអ៊ុយក្រែន ដ្រូនទាំងនោះទំនងជាបាញ់ចេញពីតំបន់ព្រំដែនចំនួនពីរក្នុងប្រទេសរុស្ស៉ី ក៏ដូចជាពីតំបន់គ្រីមៀផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំងពីដើមនៃសង្រ្គាមឈ្លានពានរបស់ខ្លួន កាពីខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៉ីបានបាញ់មីស៉ីលរាប់ពាន់គ្រាប់ និងដ្រូន Shahed ទៅលើអ៊ុយក្រែន។ Shahed ត្រូវបានគេស្គាល់ថាផលិតដោយអ៉ីរ៉ង់ ដែលមានតម្លៃថោក និងមានប្រសិទ្ធភាព៕