(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅសប្ដាហ៍ក្រោយនាឱកាសដែលលោក Starmer បំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក Starmer នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដែលជាដំណើរទស្សនកិច្ចជាលើកទី២របស់លោកនៅសហរដ្ឋអាមេរិក ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសកាលពីខែកក្កដាមក។ អ្នកនាំពាក្យរូបនេះដដែល បានបន្ថែមថាក្នុងជំនួបពិភាក្សានៅសេតវិមាន លោក បៃដិន និងលោក Starmer នឹងផ្តោតសំខាន់លើទំនាក់ទំនងពិសេសរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ព្រមទាំងនឹង ជជែកគ្នាផងដែរពីបញ្ហាសង្រ្គាមនៅហ្កាហ្សា និងនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Keir Starmer ទៅកាន់សហរដ្ឋអាមេរិក កើតមានឡើងបន្ទាប់ពីលោក ចូ បៃដិន សម្រេចដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ហើយប្រកាសគាំទ្រលោកស្រី កាម៉ាឡា ហារីសជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យជំនួសរូបលោក។ ប៉ុន្តែ មិនទាន់មានព័ត៌មានថាតើលោកនាយករដ្ឋមន្ត្រីអង់គ្លេស នឹងត្រូវជួបលោកស្រី ហារីស ដែរឬក៏យ៉ាងណានោះទេ៕