(ញូវយ៉ក)៖ ការប្រកាសសាលក្រមផ្តន្ទាទោសលោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងលុយបំបិទមាត់ នៅឯតុលាការក្រុងញូវយ៉ក ត្រូវបានពន្យារពេល រហូតដល់ក្រោយ ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ដែលនេះជាជ័យជម្នះមួយសម្រាប់លោក ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ខណៈរូបលោក កំពុងប្រជែងយ៉ាងស្រួចស្រាល់ជាមួយលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ដើម្​បីដណ្ដើមកៅអីសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ដំបូងឡើយ ការប្រកាសសាលក្រមកាត់ទោសលោក ដូណាល់ ត្រាំ ត្រូវបានកំណត់យកថ្ងៃទី១៨ ខែកញ្ញានេះ នៅក្នុងសំណុំរឿងក្លែងបន្លំឯកសារអាជីវកម្មដើម្បីសូកលុយបំបិទ មាត់អតីតតារាថតកុនអាសអាភាសម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២។ ប៉ុន្តែ ចៅក្រម លោក Juan Merchan កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា បានសម្រេច ពន្យារពេលប្រកាសសាលក្រម ទៅថ្ងៃទី២៦ ខែវិច្ឆិកាវិញ ពោលគឺ៣សប្ដាហ៍ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកា តាមសំណើក្រុមមេធាវីរបស់លោក ត្រាំ។

គួរបញ្ជាក់ថា ការសម្រេចចិត្តពន្យារពេលប្រកាសសាលក្រមកាត់ទោសនេះ កើតមានឡើងខណៈលោក ត្រាំ និងលោកស្រី ហារីស កំពុងត្រៀមខ្លួនចូលរួមក្នុងវេទិកាតស៊ូមតិ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ លោក ត្រាំ បានបង្ហោះសារស្វាគមន៍ការពន្យារពេលប្រកាសសាលក្រម ហើយថាសំណុំរឿងរបស់លោកគួរតែត្រូវបានបញ្ចប់៕