(បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានធ្វើពិធីស្បថចូលកាន់តំណែងជាផ្លូវការសម្រាប់រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីវ័យក្មេងបំផុត លោកស្រី Paetongtarn Shinawatra និងគណៈរដ្ឋមន្ត្រីចំនួន ៣៥រូប កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីនេះ គឺជាការបញ្ចប់នៃភាពចលាចលផ្នែកនយោបាយ និងបើកផ្លូវសម្រាប់រដ្ឋាភិបាលថ្មី បន្ទាប់ពីការបណ្តេញចេញពីតំណែងរបស់អ្នកកាន់តំណែងមុន លោក Srettha Thavisin។
រដ្ឋាភិបាលថ្មី ដែលមានសមាជិកមកពីគណបក្សភឿថៃ និងគណបក្សដទៃទៀត ត្រូវបានព្រះមហាក្សត្រអនុម័តជាផ្លូវការកាលពីថ្ងៃពុធ។ ក្នុងពិធីស្បថចូលកាន់តំណែង ព្រះមហាក្សត្របានជូនពរឱ្យគណៈរដ្ឋមន្ត្រីថ្មី ដឹកនាំដោយលោកស្រី Paetongtarn មានការប្តេជ្ញាចិត្តក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជន។
លោកស្រី Paetongtarn ជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra នឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងបញ្ហាសេដ្ឋកិច្ច។ រដ្ឋាភិបាលថ្មីនឹងបង្ហាញសេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួនទៅកាន់សភានៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការងារជាផ្លូវការ៕