(បែរឡាំង)៖ នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទីក្រុងវ៉ាស៉ីនតោន នឹងបន្តផ្តល់ឱ្យទៅអ៊ុយក្រែននូវជំនួយយោធាថ្មី គិតជាទឹកប្រាក់ស្មើនឹង២៥០លានដុល្លារ បន្ថែមទៀត ដើម្បីយកទៅទប់ទល់ កងកម្លាំងរុស្ស៉ីដែលកំពុងទទួលបានភាពរីកចម្រើនលើសមរភូមិ នៅឯតំបន់ភាគខាងកើត ព្រមទាំងការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា ពីសំណាក់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ថ្លែងទៅកាន់កិច្ចប្រជុំមួយនៅប្រទេសអាល្លឺម៉ង់ រវាងក្រុមប្រទេសដែលជួយគាំទ្រអ៊ុយក្រែន លោក Austin បានប្រកាសយ៉ាងដូច្នេះថា «ខ្ញុំរីករាយក្នុងការនិយាយថា លោកប្រធានាធិបតី ចូ បៃដិន នឹងប្រកាសនាថ្ងៃនេះ នូវកញ្ចប់ជំនួយផ្នែកសន្តិសុខថ្មីបន្ថែមទៀត មានចំនួន២៥០លានដុល្លារ សម្រាប់អ៊ុយក្រែន។ វានឹងជួយអ៊ុយក្រែនឆ្លើយតបតម្រូវការ នៅលើសមរភូមិ ដែលមានការវិវត្តជាលំដាប់»។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរមកដល់អាល្លឺម៉ង់ផ្ទាល់ ដើម្បីចូលរួមកិច្ចប្រជុំខាងលើ។ នាឱកាសនោះ លោកបានអំពាវនាវសុំការអនុញ្ញាតប្រើប្រាស់ មីស៉ីលរយៈចម្ងាយកាន់តែឆ្ងាយៗ ដើម្បីបាញ់ចូលទៅក្នុងទឹកដីនៃប្រទេសរុស្ស៉ី ហើយលោកថែមទាំងបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការជាចាំបាច់ នូវសព្វាវុធបន្ថែម ដើម្បីអាចវាយបណ្តេញកងកម្លាំងរុស្ស៉ី ចេញពីទឹកដីរបស់ខ្លួន។ បន្ទាប់ពីអាល្លឺម៉ង់ លោក ហ្សេលេនស្គី ក៏នឹងបន្តដំណើរទៅប្រទេសអ៉ីតាលី ដើម្បីជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni ផងដែរ៕