(ប៉េកាំង)៖ ដូចដែលយើងបានដឹងទាំងអស់គ្នាថា ពិភពលោកកំពុងស្ថិតនៅក្នុងការផ្លាស់ប្តូរដ៏ខ្លាំងក្លា ដោយសកលភាវូបនីយកម្ម សេដ្ឋកិច្ច និងព័ត៌មានវិទ្យាភាវូបនីយកម្មសង្គមបានរំដោះ និងអភិវឌ្ឍយ៉ាងក្រៃលែងដល់ កម្លាំងផលិតកម្មសង្គម។ យ៉ាងណាមិញ បើទោះបីជាពិភពលោកក៏ប្រឈមមុខនឹង បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកដូចគ្នា ដែលក្នុងនោះរួមមាន អនុត្តរភាពនិយម អំពើភេរវនិយម វិបត្តិហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាបរិស្ថានផងដែរ ដែលបានកើតមានឡើងកាន់តែខ្លាំងឡើងៗ យ៉ាងណាក៏ដោយ សម្រាប់ទំនាក់ទំនងជាមួយនិងទ្វីបអាហ្វ្រិក ប្រទេសចិនបាននិងកំពុងអនុវត្ត នូវគោលការណ៍ដោយផ្អែកលើ ភាពស្មោះត្រង់ ចំណងមិត្តភាព ជំនឿទុកចិត្តនិង លទ្ធផលជាក់ស្តែង និងទស្សនៈគុណធម៌ទទួល ផលប្រយោជន៍ត្រឹមត្រូវ និងល្អប្រសើរជាងមុន ដោយបង្កើនកិច្ចពិភាក្សាគ្នា អំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងផែនការអនាគត ស្របនឹងប្រធានបទ នៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិករយៈពេល ២៤ឆ្នាំស្តីពី «ពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម រួមគ្នាជំរុញការកសាង សហគមន៍រួមវាសនាចិន-អាហ្វ្រិក» ហើយត្រូវបានលាតត្រដាង តាមទិន្នន័យជាក់ស្តែងដោយរំលេចថា ក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទ្វីបអាហ្វ្រិក ហើយទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកឡើងដល់២៨២.១ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ដែលកើនឡើងជិត១១% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ដូចដែលបានផ្សព្វផ្សាយជាសាធារណៈ ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដែលធំជាងគេបង្អស់លើពិភពលោក ចំណែកទ្វីបអាហ្វ្រិកជាតំបន់ ដែលមានជនក្រីក្រច្រើនបំផុតលើពិភពលោក ក្នុងន័យនេះ ការកសាងភាពជាដៃគូជាយុទ្ធសាស្រ្ត និងសហប្រតិបត្តិការដ៏ទូលំទូលាយ រវាងចិននិងអាហ្វ្រិក ជាពិសេសក្រោយពេលដាក់ចេញនូវ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ប្រទេសចិនបានអនុវត្ត នូវផែនការសហប្រតិបត្តិការជាមួយច្រើន ជាមួយអាហ្វ្រិកក្នុងរយៈពេល ១១ឆ្នាំកន្លងមកនេះ ដោយបានដោះស្រាយបញ្ហារាំងស្ទះ ចំនួន៣ដែលរារាំងដល់ការអភិវឌ្ឍរបស់អាហ្វ្រិករួមមាន ១)កង្វះហេដ្ឋារចនាសម្ព័ន្ធ ២)កង្វះបុគ្គលិកឯកទេសនិងអ្នកជំនាញ និង៣)កង្វះទុនវិនិយោគ។ ដំណោះស្រាយនេះ បានគេចាត់ទុកថាជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ឬកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ ក្នុងរយៈពេល១០កន្លងទៅនេះ សហគ្រាសចិនបានចុះហត្ថលេខាលើគម្រោងម៉ៅការសាងសង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅទី្វបអាហ្វ្រិកដូចជាគមនាគមន៍ ថាមពល អគ្គិសនី បណ្តាញអ៊ីនធឺណិត និងលំនៅឋានជាដើម ក្នុងទំហំទឹកប្រាក់លើសពី៧០០ប៊ីលានដុល្លារអាមេរិក និងបានសម្រេចទំហំអាជីវកម្មលើសពី ៤០០ប៊ីលានដុល្លារអាមេរិក។ គម្រោងសាងសង់ និងស្តារផ្លូវថ្នល់មានប្រវែងសរុបលើសពី១០ម៉ឺនគីឡូម៉ែត្រ ផ្លូវដែកមានប្រវែងសរុបលើសពី១ ម៉ឺនគីឡូម៉ែត្រ បូករួមទាំងបណ្តាញខ្សែកាបនិងបណ្តាញអ៊ីនធឺណិត បានផ្តល់ផលប្រយោជន៍ដល់ ប្រជាជនអាហ្វ្រិកលើសពី៩រយលាននាក់។ ក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ សហគ្រាសចិនបានបង្កើតឱកាសការងារលើសពី១.១លាននាក់សម្រាប់ប្រជាជននៅទ្វីបអាហ្វ្រិក។

ដូចដែលបានចែករំលែកនូវបទពិសោធន៍ជូនដល់ទ្វីបអាហ្វ្រិក ប្រទេសចិនបាននិងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយគ្រប់ជ្រុងជ្រោយ រីឯទ្វីបអាហ្វ្រិកក៏បានពន្លឿនជំហានឆ្ពោះទៅកាន់ ទស្សនទានដែលកំណត់ដោយ «របៀបវារៈឆ្នាំ២០៦៣» របស់សហភាពអាហ្វ្រិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងភាពរុងរឿង។ ភាគីទាំងពីរបានចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម ប្រការនេះមានសារសំខាន់ណាស់ចំពោះ «ការរួមគ្នាបង្កើតសហគមន៍រួមវាសនា រវាងចិននិងអាហ្វ្រិក ប្រកបដោយកម្រិតខ្ពស់» ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងខណៈពេលឆ្លើយតបសំបុត្រ ចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិក ចំនួន៥០ប្រទេសថា «តាំងពីដើមមក ចិននិងអាហ្វ្រិកគឺជាសហគមន៍រួមវាសនារបស់មនុស្សជាតិ» ហើយដែលប្រជាជនអាហ្វ្រិកបានទទួលផលពីការរំពឹងទុករបស់ខ្លួន នៃដំណើរការប្រកបដោយផ្លែផ្កានៃសហគមន៍រួមវាសនារវាង ចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី ហើយក្នុងពិធីបើកវេទិកាលើកទី២៤ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក Xi Jinping ថែមទាំងបានលើកទឹកចិត្តដល់ទ្វីបអាហ្រ្វិក បន្តពួតដៃគ្នាជាមួយប្រទេសចិន ក្នុងបុព្វហេតុ «ទំនើបកម្មចំនួន៦» រួមមាន៖ ១)យុត្តិធម៌និងសមហេតុផល ២)ការបើកចំហនិងឈ្នះ-ឈ្នះ ៣)ការតម្កល់ប្រជាជនជាចម្បង ៤)ពិពិធកម្មនិងបរិយាបន្ន ៥)សុខដុមនីយកម្មជាមួយបរិស្ថាន និង ៦)សន្តិភាពនិងសន្តិសុខ។ បន្ថែមពីលើនេះ រាល់កិច្ចអភិវឌ្ឍនៅក្នុងទ្វីបអាហ្វ្រិក ប្រទេសចិនបានដើរតួនាទីសំខាន់ណាស់ក្នុងការអនុវត្តប្រកប ដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃសេដ្ឋកិច្ចបៃតង ដោយធានាបានការរួមចំណែកជាមួយទ្វីបអាហ្វ្រិក នូវការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទិសដៅ របស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០។

ដូចដែលបានកត់ត្រាដោយប្រវត្តិវិទូ ជាងពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ទំនាក់ទំនងរវាងចិន និងទ្វីបអាហ្វ្រិក ជាពិសេសឆ្នាំ២០២៤នេះ បានចាប់ដៃគ្នាបោះជំហានឈានចូលយុគសម័យថ្មី ឈរយ៉ាងរឹងមាំលើទម្រនៃភក្តីភាពនិងកល្យាណមិត្ត ហើយភាគីទាំងពីរបានសម្លឹងមើលទៅ អនាគតដ៏ត្រចះត្រចង់ ក្នុងសហគមន៍វាសនារួមគ្នាប្រៀបដូចជាគ្រួសារតែមួយ ដោយលោក Xi Jinping បានសន្យាប្រកបដោយទំនួលខុសត្រូវខ្ពស់ថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិក ដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ បូករួមទាំងការរៀនសូត្រពីអរិយធម៌ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង។

ជារួម ដូចទៅនឹងសុបិនរួមរវាងចិននិងអាហ្វ្រិក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកដែលបានឆ្លុះបញ្ចាំង តាមរយៈវេទិកាលើកទី២៤ ស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក បានឈានដល់ដំណាក់កាល នៃការរីកចម្រើនដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ។ ភាគីទាំងពីរ ចិននិងអាហ្វ្រិកមានភាពក្លាហានក្នុងបោះជំហាន លើកកម្រិតកម្ពស់ ហើយសម្លឹងមើលយ៉ាងឆ្ងាយនូវទស្សនវិស័យដើម្បីកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងថែរក្សាអរិយធម៌អេកូឡូស៊ី ដោយសហការគ្នា ប្រមូលផ្តុំនូវពុទ្ធិ និងកម្លាំងរបស់ប្រជាជនចិន និង អាហ្វ្រិកដែលមានចំនួនច្រើនជិត៣ពាន់លាននាក់ ដោយលាតត្រដាងនូវមាគ៌ានៃផែនទីបង្ហាញផ្លូវ ឆ្ពោះទៅកាន់យុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះចិន-អាហ្វ្រិកប្រកបដោយទំនុកចិត្តខ្ពស់៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន