(ប៉េកាំង)៖ នារសៀលថ្ងៃទី ២ ខែកញ្ញា នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Ramaphosa ប្រធានាធិបតីនៃអាហ្វ្រិកខាងត្បូង ដែលបានអញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានប្រកាសលើកកម្ពស់ទំនាក់ទំនង រវាងចិននិងអាហ្វ្រិកខាងត្បូង ឱ្យទៅជាទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែក្តាប់ជាប់នូវ “ទិសដៅចំនួន ៣ ” ដើម្បីអភិវឌ្ឍទំនាក់ទំនងបែបថ្មី រវាងប្រទេសទាំងពីរ ពោលគឺ ទីមួយគឺទិសដៅនយោបាយរួម ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរ តាមរយៈការកសាងទំនុកចិត្ត ជាយុទ្ធសាស្ត្រកម្រិតខ្ពស់។ ទីពីរគឺទិសដៅនៃកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ រួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងថាមពលថ្មីជាដើម។ ទី៣ គឺទិសដៅនៃឆន្ទៈប្រជាជន ដែលមានមេត្រីភាពពីជំនាន់មួយទៅជំនាន់មួយ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាផ្តល់អាហារូបករណ៍និងឱកាស ទទួលការបណ្តុះបណ្តាលបន្ថែមទៀត ជូនចំពោះយុវជនអាហ្វ្រិកខាងត្បូង។

ជាការឆ្លើយតប លោក Ramaphosa បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទីបួន នៅប្រទេសអាហ្វ្រិកខាងត្បូង ដោយជោគជ័យ កាលពីឆ្នាំ២០២៣ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យ ការអភិវឌ្ឍទំនាក់ទំនងអាហ្វ្រិកខាងត្បូង និងប្រទេសចិនឈានចូលក្នុង "យុគសម័យមាស"៕