(ប៉េកាំង)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Hassan ប្រធានាធិបតីតង់ហ្សានី និងលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក ដែលអញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។

ថ្លែងក្នុងកិច្ចជំនួបជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរគួរតែចាត់ទុកកិច្ចប្រជុំកំពូលនេះជាឱកាសមួយ ដើម្បីពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម នៃប្រទេសរៀងៗខ្លួន ដើម្បីការចារទំព័រថ្មីនៃការអភិវឌ្ឍ ទំនាក់ទំនងមិត្តភាពរវាងចិននិងសំប៊ី។

ពេលជួបជាមួយលោក Hassan ប្រធានាធិបតីតង់ហ្សានី លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការ ជាមួយប្រទេសតង់ហ្សានី ដើម្បីជំរុញនិងធ្វើឱ្យស៊ីជម្រៅ នូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងតង់ហ្សានី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យ មិត្តភាពជាប្រពៃណីរវាងចិន និងតង់ហ្សានីបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

ពេលជួបជាមួយលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៥ជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងម៉ូសំប៊ិក ។ សង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយ មិត្តភាពជាប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបំពេញបន្ថែមអត្ថន័យថ្មី សម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ូសំប៊ិក៕

វិទ្យុមិត្តភាពកម្ពុជាចិន