Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ជំរុញមន្ត្រីសុខាភិបាល ពង្រឹងការងារ និងបំពេញបន្ថែមចន្លោះខ្វះខាត ដើម្បីបង្កើនពិន្ទុការពារចំណាត់ថ្នាក់លេខ១ សម្រាប់ការវាយតម្លៃប្រចាំឆ្នាំ

06-09-2024 15:01

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីសុខាភិបាលខេត្ត ពង្រឹងការងារ និងបំពេញបន្ថែមចន្លោះខ្វះខាត ដើម្បីបង្កើនពិន្ទុ រក្សាការពារចំណាត់ថ្នាក់លេខ១របស់ខ្លួន ដែលធ្លាប់ទទួលបាននាពេលកន្លងមក។

ការណែនាំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងប្រឡងប្រណាំង សេវាសាធារណៈគំរូឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានលើកឡើងថា កាលពីឆ្នាំ២០១៩កន្លងទៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ធ្លាប់ទទួលបានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ លេខ១ទូទាំងប្រទេស។ ដូច្នេះសម្រាប់ឆ្នាំ២០២៤ ខេត្តកំពង់ចាម បានជ្រើសរើសយកមន្ទីរពេទ្យចំនួន៤ ដើម្បីចូលរួមប្រលងប្រណាំងបន្ត ក្នុងនោះមានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកចំការលើ មន្ទីរពេទ្យបង្អែកស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។ មន្ទីរពេទ្យបង្អែកទាំងបួននេះ គឺសម្រួចយកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីឈានទៅដណ្ដើមជ័យលាភីលេខ១ ដូចកាលឆ្នាំ២០១៩។

លោក អ៊ុន ចាន់ថា បានផ្ដល់អនុសាសន៍លើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ឲ្យខិតខំប្រឹងប្រែងពង្រឹងលើការងារផ្ដល់សេវា និងត្រូវមានឥរិយាបថ ទៅតាមវិជ្ជាជីវៈជាគ្រូពេទ្យ ការគោរពពេលវេលាក្នុងការអនុវត្តការងារ គោរពក្រមសីលធម៌ជាដើម។ ជាមួយគ្នានេះ ការដោះស្រាយបញ្ហាផ្សេងៗ មានដូចជា ជំរុញនូវការអភិវឌ្ឍស្ថាប័ន និងការពង្រឹងសមត្ថភាពមន្ត្រីក្នុងស្ថាប័ន និងការពង្រឹងកិច្ចការងាររដ្ឋបាល ពោលគឺការគ្រប់គ្រងទាំងអស់នៅក្នុងមន្ទីរពេទ្យ៕