(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់អ្នកវិភាគទូរទស្សន៍រុស្ស៉ី ដែលមានមូលដ្ឋានក្នុងរដ្ឋ Virginia គឺលោក Dimitri Simes និងភរិយាឈ្មោះ Anastasia Simes ក្នុងករណីពីរដាច់ដោយឡែក ជុំវិញការបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ ២០២៤។

មួយក្នុងចំណោមការចោទប្រកាន់ចំនួនពីរ លោក Simes និងភរិយា គឺបទលាងលុយកខ្វក់ និងរំលោភលើការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដើម្បីបម្រើដល់ផលប្រយោជន៍ឱ្យប៉ុស្តិ៍ទូរទស្សន៍ Channel One Russia របស់រុស្ស៉ី ដែលរងនូវការដាក់ទណ្ឌកម្ម កាលពីខែឧសភា ឆ្នាំ ២០២២។ ជាថ្នូរនឹងការផ្តល់សេវាកម្ម ក្នុងនាមជាអ្នកអត្ថាធិប្បាយ និងផលិតករផងនោះ រដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់ថា លោក Simes និងភរិយារបស់លោក ទទួលបានថវិកាជាង ១លានដុល្លារ រថយន្ត និងអ្នកបើកបរផ្ទាល់ខ្លួន ប្រាក់ឧបត្ថម្ភសម្រាប់ស្នាក់នៅអាផាតមិន ក្នុងទីក្រុងមូស្គូ និងឱ្យបុគ្គលិក ១០នាក់មកពី Channel One Russia ធ្វើការឱ្យលោកថែមទៀត។

ដោយឡែក អ្នកស្រី Anastasia Simes ក៏ត្រូវបានចោទប្រកាន់មួយទៀត ពីបទបំពានទណ្ឌកម្ម តាមរយៈការជួយដល់មហាសេដ្ឋីរុស្ស៉ី លោក Aleksandr Yevgenyevich Udodov ដែលត្រូវបានដាក់ទណ្ឌកម្ម កាលពីខែកុម្ភៈ ឆ្នាំ ២០២៣។ Anastasia ត្រូវចោទថា បានទិញវត្ថុសិល្បៈ និងបុរាណផ្សេងទៀតពីវិចិត្រសាល និងកន្លែងដេញថ្លៃផ្សេងៗ នៅសហរដ្ឋអាមេរិក អឺរ៉ុប ជំនួសមុខឱ្យលោក Udodov។ វត្ថុទាំងនោះ បានដឹកជញ្ជូនទៅកាន់លំនៅដ្ឋានរបស់ប្តីប្រពន្ធពីរនាក់នេះ នៅក្នុងរដ្ឋ Virginia ជាកន្លែងរក្សាទុករហូតដល់អាចដឹកជញ្ជូនទៅរុស្ស៉ីបាន។

គួរបញ្ជាក់ថា Simes បានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧២ ហើយក្រោយមកបានក្លាយជាពលរដ្ឋអាមេរិក។ ទោះបីជាលោក និងភរិយាមានផ្ទះនៅក្នុងរដ្ឋ Virginia ក៏ដោយ តែរដ្ឋអាជ្ញានិយាយថា ពួកគេទាំងពីរនៅតែរស់នៅរស់នៅរុស្ស៉ី។ អស់រយៈពេលច្រើនឆ្នាំមកហើយ លោក Simes ត្រូវបានគេស្គាល់តាមរយៈការបំពេញតួនាទីដ៏ល្អ ជាអតីតប្រធាន និងនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលជាតិនៃគោលនយោបាយការបរទេស និងធ្លាប់តស៊ូមតិសម្រាប់ការកែលម្អទំនាក់ទំនង សហរដ្ឋអាមេរិក-រុស្ស៉ី។

ការចោទប្រកាន់ខាងលើនេះ ត្រូវបានប្រកាសមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក ចាត់វិធានការផ្លូវច្បាប់ជាច្រើនប្រឆាំងរុស្ស៉ី ក្នុងគោលបំណងរារាំងចំពោះកិច្ចខិតខំប្រឹងប្រែង ជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលអាចកើតមាន រួមទាំងការចោទប្រកាន់បុគ្គលិក ២នាក់ និងដាក់ទណ្ឌកម្មលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី RT៕