មីយ៉ាន់ម៉ា៖ ក្រុមប្រដាប់អាវុធជនជាតិភាគតិច អះអាងថា ប្រជាជនស៉ីវិល១១នាក់ស្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាស របស់របបសឹក (Video inside)
06-09-2024 14:00
(ណៃពិដោ)៖ អ្នកនាំពាក្យនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយ នៅឯប្រទេសមីយ៉ាន់ម៉ា បានអះអាងនៅថ្ងៃសុក្រនេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលយោធា នៅរដ្ឋ Shan ភាគខាងជើងប្រទេស បានផ្តាច់ជីវិតប្រជាជនស៉ីវិលចំនួន១១នាក់ និងបង្កឱ្យរបួស១១នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រុមប្រដាប់អាវុធ Ta'ang National Liberation Army ហៅកាត់ TNLA បាននិយាយថា កងកម្លាំងយោធា បានបើកការវាយប្រហារតាមផ្លូវអាកាស លើតំបន់ចំនួន២ នៅក្រុង Namkham កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ ហើយបានសម្លាប់ជនស៉ីវិល១១នាក់ និងបណ្តាលឱ្យ១១នាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ប្រទេសអាស៊ាន ដែលមានប្រជាជន៥៥លាននាក់មួយនេះ បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធាធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី។ រដ្ឋប្រហារយោធានោះ បាននាំឱ្យផ្ទុះបាតុកម្មទូទាំងប្រទេស ហើយយោធាបានឆ្លើយតបដោយ ធ្វើការបង្រ្កាបយ៉ាងសាហាវ រហូតប្រែក្លាយចលនាបាតុកម្ម ទៅជាចលនាប្រឆាំងប្រដាប់អាវុធ។ សព្វថ្ងៃ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងលើទឹកដីមួយភាគធំ ចំពោះមុខការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម៕