(ប៉េកាំង)៖ ឯកអគ្គរដ្ឋទូតអាមេរិកនៅប្រទេសចិន លោក Nicholas Burns បានឱ្យដឹងថា មេបញ្ជាការកងកម្លាំងអាមេរិកនៅឥណ្ឌូប៉ាស៉ីហ្វិក គ្រោងជជែកជាមួយមេបញ្ជាការភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន នៅប៉ុន្មានសប្តាហ៍ខាងមុខ ក្នុងគោលបំណងទប់ស្កាត់ការយល់ខុស ខាងផ្នែកយោធាណាមួយ រវាងប្រទេសមហាអំណាចទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Burns គូសបញ្ជាក់ថា «ខ្ញុំគិតថា លោក Sam Paparo ត្រូវសន្ទនាជាមួយមេបញ្ជាការភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជន នៅសប្តាហ៍ខាងមុខ។ យើងសង្ឃឹមយ៉ាងមុតមាំថា នឹងមានការបន្តជជែកគ្នានៅកម្រិតខ្ពស់បន្ថែមទៀត ដែលអាចជាលោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ជាមួយសមភាគីចិន ឬប្រធាននៃអគ្គសេនាធិការចម្រុះអាមេរិក លោក Charles Brown ជាមួយសមភាគីចិន»។ លោក Burns បន្ថែមថា «យើងត្រូវតែទាក់ទងគ្នា ដូច្នេះប្រសិនបើមានឧប្បតិ្តហេតុ ឬការយល់ច្រឡំណាមួយ មេដឹកនាំយោធារបស់យើងអាចជួបគ្នាបន្ធូរបន្ថយកំដៅ ជួយវែកញែកជាមួយភាគីដែលប៉ះទង្គិច ឬកំពុងតវ៉ាគ្នា ហើយធ្វើឱ្យប្រាកដថាយើងមានវិធី ដើម្បីដោះស្រាយបញ្ហា»

គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក Burns ធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ច របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែមុន។ លោក Burns បានជួបទីប្រឹក្សាយោធាកំពូលរបស់មេដឹកនាំចិន ហើយឯកភាពគ្នារៀបចំឱ្យមាន ជំនួបតាមទូរស័ព្ទរវាងមេបញ្ជាការប្រចាំតំបន់នៃប្រទេសទាំងពីរ៕