(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា បានជំរុញឱ្យអ៉ីស្រាអែល និងក្រុមហាម៉ាសទទួលយកបទឈប់បាញ់ សម្រាប់សង្គ្រាមហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដោយនិយាយថាកិច្ចព្រមព្រៀងសម្រេចបាន ៩០ភាគរយហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Blinken ក៏បានឱ្យដឹងដែរថា សហរដ្ឋអាមេរិកនឹងផ្ដល់គំនិតបន្ថែមនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ តាមរយៈក្រុមអ្នកសម្របសម្រួលអេហ្ស៉ីប និងកាតា ក្នុងក្តីរំពឹងថាអាច នឹងជួយដល់ការចុះកិច្ចព្រមព្រៀង។ ការលើកឡើងរបស់លោក Blinken នេះដែរ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោលការវាយតម្លៃរបស់ក្រុមមន្ត្រីអាមេរិកដែលថាកិច្ចព្រមព្រៀងសម្រេច បាន ៩០ភាគរយ។

ក៏ប៉ុន្តែ នៅឯសន្និសីទសារព័ត៌មានមួយនាឱកាសធ្វើទស្សនកិច្ចក្នុងប្រទេសហៃទី លោក Blinken បានបញ្ជាក់ឡើងវិញពីការវាយតម្លៃរបស់ក្រុមមន្ត្រីអាមេរិក ដោយសង្កត់ធ្ងន់ ដូច្នេះថា «ខ្ញុំគិតថាផ្អែកលើអ្វីដែលខ្ញុំបានឃើញ មានការឯកភាពគ្នា ៩០ភាគរយហើយ តែបញ្ហាសំខាន់ គឺនៅត្រង់ថាភាគីទាំង២ (អ៉ីស្រាអែល និងហាម៉ាស) នឹងនិយាយថា យល់ព្រម ដែរឬយ៉ាងណាប៉ុណ្ណោះ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះបានលើកឡើងនូវសំណើមួយដើម្បីជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនោះរួមមានទាំងចំណុចមួយដែល លោក Netanyahu កំពុងជំទាស់ដាច់ខាត នោះគឺការដកកងទ័ពអ៉ីស្រាអែលចេញពីច្រករបៀងស្ថិតចន្លោះរវាងព្រំដែនហ្កាហ្សា និងអេហ្ស៉ីប។ ច្រករបៀងនេះកំពុងស្ថិតក្រោម ការគ្រប់គ្រងរបស់កងទ័ពអ៉ីស្រាអែល ហើយលោក Netanyahu បានអះអាងថាច្រករបៀងនេះត្រូវបានក្រុមហាម៉ាសប្រើសម្រាប់ការរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្កាហ្សា៕