(ប៉េកាំង)៖ នៅពេលមុននេះមិនជាយូរប៉ុន្មាន “ស្ពាន Cocody” នៃប្រទេសកូតឌីវ័រដែលទទួលការសាងសង់ ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំ នៃការបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់។ នេះជាស្ពានខ្សែកាប ដែលមានទ្រង់ទ្រាយធំបំផុតនៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះមិនត្រឹមតែអាចកាត់បន្ថយពេលវេលាធ្វើដំណើរ របស់ប្រជាជនក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកូតឌីវ័រយ៉ាងខ្លាំង។
នៅលើទឹកដីទ្វីបអាហ្វ្រិកដ៏ធំល្វឹងល្វើយ រឿងរ៉ាវដូច “ស្ពាន Cocody”មានច្រើនណាស់។ ជាពិសេស គឺក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ យោងតាមកិច្ចសហប្រតិបតិ្តការ ផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមករវាងចិននិងអាហ្វ្រិក ទទួលបាន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅទ្វីបអាហ្វ្រិក សហគ្រាសចិនបានធ្វើគម្រោង កិច្ចសហប្រតិបតិ្តការជាច្រើន ដូចជាកសាង “ផ្លូវសុភមង្គល” “ស្ពានតភ្ជាប់ដួងចិត្ត” និងគម្រោងថាមពលបៃតង កសិផលរបស់ទ្វីអាហ្វ្រិកដូចជាផ្លែប័រ ល្ងនិងសណ្តែកដីជាដើម ក៏បានធ្វើឱ្យតុអាហាររបស់ប្រជាជនចិន មានភាពកាន់តែសម្បូរបែប ។
ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញ ពីពាក្យសម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើង ខណៈពេលឆ្លើយតបសំបុត្រ ចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិក ចំនួន៥០ប្រទេសថា “តាំងពីដើមមក ចិននិងអាហ្វ្រិក គឺជាសហគមន៍រួមវាសនា របស់មនុស្សជាតិ ”។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រកាសលទ្ធផលនៃការស្ទង់មតិ តាមបញ្តាញអ៊ីនធឺណេតមួយ លើកឱ្យដឹងថា អ្នកចូលរួមទទួលបទសម្ភាសន៍របស់ ប្រទេសអាហ្វ្រិកចំនួន៨៦,៣ភាគរយ វាយតម្លៃខ្ពស់ចំពោះទស្សនៈ អំពីកិច្ចសហប្រតិបតិ្តការ ជាមួយអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ និងស្មោះត្រង់របស់ប្រទេសចិន ហើយរំពឹងទុកបង្កើតសហគមន៍រួមវាសនារវាង ចិននិងអាហ្វ្រិកកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី។
ថ្ងៃទី ៤ ខែកញ្ញា កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកឆ្នាំ២០២៤ បានបើកធ្វើនៅក្រុងប៉េកាំង ដែលនឹងផ្តល់កាលានុវត្តភាពថ្មីដល់ភាគីទាំងពីរ ក្នុងការចាប់ដៃគ្នាជំរុញ ការធ្វើទំនើបកម្ម និងរួមគ្នាបង្កើតសហគមន៍រួមវាសនា រវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់។ រំលងអស់រយៈពេល៦ឆ្នាំ អ្នកដឹកនាំចិននិងអាហ្វ្រិកបានជួបជុំគ្នា នៅក្រុងប៉េកាំងជាថ្មី ម្តងទៀត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាពីគម្រោងកិច្ចសហប្រតិបតិ្តការ គ្រោងផែនការគោលនៃការអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ក៏ដូចជាប្រមូលផ្តុំកម្លាំងចលករយ៉ាងខ្លាំងក្លា សម្រាប់ស្វែងរកការអភិវឌ្ឍដោយសន្តិភាពរបស់ “ប្រទេសសកលខាងត្បូង” ផងដែរ។ វេបសាយព័ត៌មានទ្វីបអាហ្វ្រិកបានវិភាគថា កិច្ចប្រជុំកំពូលលើកនេះត្រូវបានរំពឹងថា នឹងត្រួសត្រាយ “យុគសម័យកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិក ដែលប្រកបដោយនិរន្តរភាព និងអាចផ្តលផលប្រយោជន៍ដល់គ្នាទៅវិញទៅមក”។
ពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដោយគ្រប់ជ្រុងជ្រោយ រីឯទ្វីបអាហ្វ្រិកក៏បានពន្លឿនជំហាន ឆ្ពោះទៅកាន់ទស្សនទានដែលកំណត់ដោយ «របៀបវារៈឆ្នាំ២០៦៣» របស់សហភាពអាហ្វ្រិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងភាពរុងរឿង។ ភាគីទាំងពីរបានចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម ប្រការនេះមានសារសំខាន់ណាស់ ចំពោះ “ការរួមគ្នាបង្កើតសហគមន៍រួមវាសនា រវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ”។
ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ ហើយអាហ្រ្វិកគឺជាទ្វីបដែលមានបណ្តុំប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងគេ ចិននិងអាហ្រ្វិកសុទ្ធតែជាសមាជិកនៃ “ប្រទេសសកលខាងត្បូង ”ជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញសុក្រឹតភាព នៃអភិបាលកិច្ចសកល។ ភាគីទាំងពីរមានការយល់ដឹងប្រហាក់ប្រហែលគ្នា អំពីបញ្ហាអន្តរជាតិនិងបញ្ហាក្នុងតំបន់ដ៏ធំ និងសំខាន់ជាច្រើន ហើយសុទ្ធតែអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ប្រឆាំងផលវិបាកដែលបន្សល់ទុក ពីសម័យអាណានិគមនិយម និងទង្វើអនុត្តរភាពនិយមគ្រប់បែបយ៉ាង ហើយអំពាវនាវឱ្យលើកកម្ពស់ សិទ្ធិបញ្ចេញមតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។ ប្រឈមមុខនឹងសកលលោកដែលកំពុង មានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក នឹងគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក៏ដូចជាជំរុញឱ្យបៀបរៀបរយអន្តរជាតិ មានភាពកាន់តែយុត្តិធម៌និងសមហេតុផល៕
វិទ្យុមិត្តភាពកម្ពុជាចិន