(គូឡាឡាំពួ)៖ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី លោក Anwar Ibrahim បាននិយាយថា ម៉ាឡេស៉ី នឹងមិនបញ្ឈប់សកម្មភាពរុករកធនធានប្រេង និងឧស្ម័ន នៅតំបន់សមុទ្រចិនខាងត្បូងឡើយ បើទោះបីជាទីក្រុងប៉េកាំងអះអាងថា ម៉ាឡេស៉ីរំលោភលើទឹកដីរបស់ចិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤។
ខណៈកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Vladivostok នៃប្រទេសរុស្ស៉ី លោក Anwar បានលើកឡើងថា ការរុករកធនធានរបស់ម៉ាឡេស៉ី គឺប្រព្រឹត្តទៅនៅក្នុងទឹកដីរបស់ខ្លួន ហើយសកម្មភាពទាំងនោះ មិនមែនមានចេតនាបង្កហេតុ ឬអរិភាពជាមួយប្រទេសចិនទេ។ បើតាមលោក Anwar កន្លងមក ចិនធ្លាប់បានផ្ញើកំណត់ទូតតវ៉ា ដើម្បីទទូចឱ្យម៉ាឡេស៉ី បញ្ឈប់សកម្មភាពរុករកប្រេងនិងឧស្ម័ន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលម៉ាឡេស៉ី នឹងបន្តពន្យល់បកស្រាយទៅកាន់ទីក្រុងប៉េកាំង អំពីគោលជំហររបស់ខ្លួន។
គួរបញ្ជាក់ថា ចិនទាមទារអធិបតេយ្យស្ទើរតែពេញសមុទ្រចិនខាងត្បូងទាំងមូល ក្នុងនោះរួមទាំងផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ហ្វីលីពីន ព្រុយណេ ម៉ាឡេស៉ី និងវៀតណាម ជាដើម។ នៅក្រោមច្បាប់អន្តរជាតិ តំបន់ EEZ មិនមែនជាដែនទឹកអធិបតេយ្យ របស់ប្រទេសមួយឡើយ ប៉ុន្តែវាអនុញ្ញាតឱ្យប្រទេសនោះ ធ្វើការរុករកធនធានធម្មជាតិ នៅក្នុងដែនទឹក នៃតំបន់នោះ៕