(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន Xi Jinping ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងតំណាង សមាជិកនៃវេទិកាស្តីពី កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកចំនួនជាង ៥០ ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រមុខនៃអង្គការអន្តរជាតិជាច្រើន នឹងជួបជុំគ្នានៅទីក្រុងប៉េកាំងពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះដើម្បីចូលរួម កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់រវាងប្រទេសចិន និងអាហ្រ្វិកប៉ុណ្ណោះទេ ក៏ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ប្រទេស "សកលខាងត្បូង" និងសហគមន៍អន្តរជាតិទាំងមូលទៀតផង។
"មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួល យ៉ាងណាក្តី ក៏ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយមេត្រីភាពជាមួយអាហ្រ្វិក ធ្វើជាមិត្តភក្តិគួរជាទីពំនាក់ និងជាដៃគូដ៏ស្មោះត្រង់ របស់បណ្តាប្រទេសអាហ្វ្រិក ហើយខិតខំធ្វើការដើម្បីរួមចំណែកកាន់តែច្រើន សម្រាប់បុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់អាហ្វ្រិក។" លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងបែបនេះដោយ តាងនាមប្រជាជនចិន។
នៅយប់ថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២៣ លោក Xi Jinping បានទៅដល់ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង តាមយន្តហោះពិសេស ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកទីបួន របស់លោកទៅកាន់អាហ្វ្រិកខាងត្បូង។ នេះក៏ជាលើកទី ១០ដែរដែលលោក Xi Jinping បានធ្វើដំណើរទៅកាន់ទឹកដីអាហ្វ្រិក។ លោកបានថ្លែងថា “ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ នៅលើទឹកដីដ៏អស្ចារ្យនៃអាហ្វ្រិកខាងត្បូង ខ្ញុំបានធ្វើជាសាក្សីនៃការអភិវឌ្ឍយ៉ាងផុលផុស នៃទំនាក់ទំនងចិន-អាហ្វ្រិកខាងត្បូង ដោយមិនត្រឹមតែបានឃើញ ការបង្កើតវិទ្យាស្ថានខុងជឺនៅសាកលវិទ្យាល័យ បច្ចេកវិទ្យា Durban និងបានដកបទពិសោធពី 'ឆ្នាំចិន' របស់អាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ក៏បានរួមជាមួយ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង ចុចប៊ូតុងចាប់ផ្តើម នៃខ្សែសង្វាក់ផលិតកម្មរោងចក្រ BAIC អាហ្រ្វិកខាងត្បូងទៀតផង។
ទំនាក់ទំនងចិន-អាហ្រ្វិកខាងត្បូងគឺតំណាងឱ្យការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងចិន-អាហ្វ្រិក។ នៅក្នុងខែមីនាឆ្នាំ ២០១៣ លោក Xi Jinping បានធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិក ដែលជាដំណើរទៅក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីលោក បានឡើងកាន់តំណែងជាប្រធានរដ្ឋចិន។ លោកបានស្នើឡើងនូវគោលគំនិត ស្តីពីគោលនយោបាយដែលពិតប្រាកដ និងភាពស្និទ្ធស្នាលចំពោះអាហ្វ្រិក។ នេះគឺជាការចាប់ផ្តើមនៃសករាជថ្មីនៃមិត្តភាពចិន-អាហ្វ្រិក។
ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ លោក Xi Jinping បានទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិកចំនួន ៥ ដង ហើយរាល់លើកលោកសុទ្ធតែទទួលបាន ការស្វាគមន៍យ៉ាងឱឡារិកបំផុត ដែលបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ របស់ប្រជាជនអាហ្វ្រិកចំពោះប្រជាជនចិន ការទទួលស្គាល់ដោយស្មោះស្ម័គ្រ ចំពោះកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងការស្ញើចសរសើរនិងការដឹងគុណចំពោះប្រទេសចិន ដែលបានប្រកាន់ខ្ជាប់ជំហរសត្យានុម័តនិងយុត្តិធម៌ សម្រាប់ប្រទេសអាហ្វ្រិក ក្នុងកិច្ចការអន្តរជាតិ។
កាលពីខែកក្កដាឆ្នាំ ២០១៨ នៅប្រទេសរូវ៉ាន់ដា លោកប្រធានាធិបតី Kagame បាននិយាយថា "ប្រទេសចិនគឺជា មហាអំណាចពិភពលោក ហើយលោកប្រធានរដ្ឋចិន Xi គឺជាមេដឹកនាំលំដាប់ពិភពលោក។ ប៉ុន្តែចិននៅតែចាត់ទុក ប្រទេសតូចមួយដូចជាប្រទេស រូវ៉ាន់ដាដែលបានទទួលរង នូវគ្រោះមហន្តរាយធ្ងន់ធ្ងរ ក្នុងប្រវត្តិសាស្ត្រដោយស្មើភាព និងគាំទ្រយ៉ាងខ្លាំងដល់ ការអភិវឌ្ឍរបស់រូវ៉ាន់ដា។ នេះគឺមានលក្ខណៈបដិវត្តិន៍ក្នុងកិច្ចការសកល និងមានតម្លៃជាងលុយកាក់ ទៅទៀត។
នៅក្នុងទីបញ្ចុះសពមួយនៅជាយក្រុង Dar es Salaam ប្រទេសតង់ហ្សានី អ្នកជំនាញ អ្នកបច្ចេកទេសនិងកម្មករចិន ដែលបានពលីជីវិតក្នុងអំឡុងពេលសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ី ត្រូវបានបញ្ចុះនៅទីនេះ។ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០២២ ពេលជួបជាមួយប្រធានាធិបតីតង់ហ្សានី នៅទីក្រុងប៉េកាំង លោក Xi Jinping បានរំលឹកពីអតីតកាល និងថ្លែង ថា “នៅពេលដែលប្រទេសចិនខ្លួនឯងនៅតែក្រីក្រ យើងបានចាយវាយយ៉ាងត្បិតត្បៀតដើម្បីជួយបងប្អូនអាហ្វ្រិក សាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ី។
ឥឡូវនេះ នៅពេលដែលចិនទទួលបានការអភិវឌ្ឍ យើងត្រូវជួយមិត្តអាហ្រ្វិកឱ្យសម្រេចបាននូវការអភិវឌ្ឍរួម និងកសាងសហគមន៍វាសនារួមចិន-អាហ្វ្រិកក្នុងយុគសម័យថ្មី។ សព្វថ្ងៃនេះនៅលើទឹកដីទ្វីបអាហ្រ្វិកដ៏ធំល្វឹងល្វឹយ "ស្នាដៃ"ដែលជាសមិទ្ធផលថ្មីម្ដងមួយៗ នៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកក្នុងយុគសម័យថ្មី បានរំលេចឡើងយ៉ាងត្រដែត។
នៅប្រទេសកេនយ៉ា ស្នាដៃនេះគឺជាផ្លូវរថភ្លើង Mombasa-Nairobi ដែលផលិតដោយប្រើបច្ចេកវិទ្យាចិន និងស្តង់ដារចិន។ នៅប្រទេសម៉ាដាហ្គាស្កា ស្នាដៃនេះជាផ្លូវថ្នល់ ដែលកែលំអជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ នៅប្រទេសសេណេហ្គាល់ ស្នាដៃនេះ គឺជាកីឡដ្ឋានកីឡាចំបាប់ដ៏ទំនើបមួយដែលប្រជាជនក្នុងស្រុកប្រាថ្នាចង់បាន។
នៅលើទ្វីបអាហ្រ្វិកកាន់តែទូលំទូលាយ ស្នាដៃគឺជាបច្ចេកទេសស្រូវបង្កាត់របស់ ចិន ដែលបានដោះស្រាយបញ្ហាលំបាក នៃការបរិភោគ ជាការដាំដុះផ្សិត Jun ដែលបានត្រួសត្រាយ ទស្សនវិស័យថ្មី សម្រាប់ការបង្កើតទ្រព្យ ជាជំនាញវិជ្ជាជីវៈថ្មី ដែលបង្រៀនដោយរោងជាង Luban។ល។
បទពិសោធចិន បច្ចេកវិទ្យាចិន និងផែនការចិនកាន់តែច្រើនបានផ្តល់ជម្រើសថ្មី សម្រាប់បណ្តាប្រទេសអាហ្រ្វិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយម្ចាស់ការ និងជានិរន្តរភាព និងជំរុញការធ្វើទំនើបកម្ម។ អត្ថន័យដ៏អស្ចារ្យបំផុត នៃទំនាក់ទំនងចិន-អាហ្រ្វិក គឺការផ្សារភ្ជាប់ធ្វើសមាហរណកម្មយ៉ាងជិតស្និទ្ធ នូវការអភិវឌ្ឍរបស់ចិនជាមួយនឹង ការអភិវឌ្ឍដោយម្ចាស់ការ និងនិរន្តរភាពរបស់ទ្វីបអាហ្រ្វិក ដើម្បីសម្រេចបាន នូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួម។ លោក Xi Jinping បានបកស្រាយយ៉ាងស៊ីជម្រៅ អំពីអត្ថន័យពិតនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកដែលកាន់តែរឹងមាំឡើង៕
វិទ្យុមិត្តភាពកម្ពុជាចិន