(ប៉េកាំង)៖ ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលធំជាងគេបង្អស់លើពិភពលោក ចំណែកទ្វីបអាហ្វ្រិកជាតំបន់ ដែលមានជនក្រីក្រច្រើនបំផុត លើពិភពលោក ពោលគឺទ្វីបអាហ្វ្រិក មានចំនួនប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានការអភិវឌ្ឍតិចតួចច្រើន បំផុតលើពិភពលោក។ អាស្រ័យហេតុនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាហ្វ្រិកត្រូវបានគេចាត់ទុកថា ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ឬកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
ជាពិសេស ក្នុងអំឡុងពេលជាង ២០ ឆ្នាំកន្លងទៅនេះ ផ្អែកលើវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ដែលបានបង្កើតឡើង កាលពីឆ្នាំ ២០០០ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងចិននិងអាហ្វ្រិក ទទួលបានលទ្ធផលជាផ្លែផ្កាកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែង ជូនដល់ប្រជាជននៃភាគីទាំងពីរ។ ក្នុងនោះ សមិទ្ធផលសំខាន់ៗ ដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ សម្រាប់ការកាត់បន្ថយភាពក្រីក្រនៅអាហ្វ្រិក ដ៏ដូចជាពិភពលោក។
* សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
តាមទិន្នន័យស្ថិតិឱ្យដឹងថា ប្រទេសចិនបានក្លាយជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ទ្វីបអាហ្វ្រិកក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ។ ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិកឡើងដល់ ២៨២.១ ប៊ីលានដុល្លារអាមេរិក ដែលកើនឡើងជិត ១១% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ សហគ្រាសចិនបានបង្កើត ឱកាសការងារលើសពី ១.១ លាននាក់សម្រាប់ប្រជាជននៅទ្វីបអាហ្វ្រិក ។
* មិត្តភាពដែលឆ្លុះបញ្ចាំងតាមរយៈរូបភាពលើរូបិយប័ណ្ណ
កសិកម្មជាវិស័យអាទិភាព នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ពីព្រោះវាពាក់ព័ន្ធនឹងសន្តិសុខស្បៀង ដែលជារឿងធំបំផុតរបស់ប្រទេសជាតិ។ ក្នុងនោះ ប្រទេសម៉ាដាហ្កាស្កា បាននាំចូលបច្ចេកទេស ស្រូវបង្កាត់របស់ប្រទេសចិន និងមានអ្នកជំនាញខាងកសិកម្មរបស់ចិន បានទៅជួយបង្ហាត់បង្រៀនដោយផ្ទាល់។ រហូតដល់ឆ្នាំ ២០២២ ស្រូវបង្កាត់របស់ចិន បានត្រូវដាំដុះក្នុងទំហំផ្ទៃដី ៧.៥ ម៉ឺនហិកតា ដែលក្នុងមួយហិកតាអាចហុចផលប្រមាណ ៧.៥ តោន ធ្វើឱ្យប្រទេសម៉ាដាហ្កាស្កា ឈានទៅរកគោលដៅសម្រេចបាន នូវការបំពេញ តម្រូវការស្បៀងដោយខ្លួនឯង។ ដើម្បីរំលឹកដឹងគុណដល់ប្រទេសចិន ប្រទេសម៉ាដាហ្កាស្កាបានបោះពុម្ព រូបស្រូវបង្កាត់របស់ចិននៅលើរូបិយប័ណ្ណតម្លៃ ២ម៉ឺនរបស់ខ្លួន។ ក្រៅពីនេះ នៅលើរូបិយប័ណ្ណ របស់ប្រទេសម៉ាឡាវី ហ្គីណេ និងកុងហ្គោគីនសាសាជាដើមសុទ្ធតែ មានបោះពុម្ពរូបសំណង់និមិត្តរូប ដែលជាគម្រោងជំនួយ ឬម៉ោងការសាងសង់ដោយប្រទេសចិន។
* ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដួងចិត្តប្រជាជនចិននិងអាហ្វ្រិក
ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ សហគ្រាសចិនបានចុះហត្ថលេខាលើគម្រោងម៉ៅការសាងសង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅទី្វបអាហ្វ្រិកដូចជាគមនាគមន៍ ថាមពល អគ្គិសនី បណ្តាញអ៊ីនធឺណិត និងលំនៅឋានជាដើមក្នុងទំហំ ទឹកប្រាក់លើសពី ៧០០ ប៊ីលានដុល្លារអាមេរិក និងបានសម្រេចទំហំអាជីវកម្មលើសពី ៤០០ ប៊ីលានដុល្លារអាមេរិក ដែលជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងនោះ គម្រោងសាងសង់និងស្តារផ្លូវថ្នល់ មានប្រវែងសរុបលើសពី ១០ម៉ឺនគីឡូម៉ែត្រ ផ្លូវដែកមានប្រវែង សរុបលើសពី ១ ម៉ឺនគីឡូម៉ែត្រ បូករួមទាំងបណ្តាញខ្សែកាប និងបណ្តាញអ៊ីនធឺណិតបានផ្តល់ ផលប្រយោជន៍ដល់ប្រជាជនអាហ្វ្រិកលើសពី ៩ រយលាននាក់។
* រួមគ្នាធ្វើបរិវត្តកម្មថាមពល ដើម្បីជំរុញការអភិវឌ្ឍបៃតង
នៅក្រោមក្របខ័ណ្ឌនៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រទេសចិននិងបណ្តាប្រទេសអាហ្វ្រិកបានរួមគ្នា ជំរុញការដោះស្រាយ បញ្ហាលំបាកផ្នែកថាមពលនិងការធ្វើបរិវត្តកម្មថាមពល។ គម្រោងថាមពលស្អាតដែលវិនិយោគដោយប្រទេសចិន បានរាយប៉ាយនៅប្រទេស និងតំបន់អាហ្វ្រិកជាង ៤០ ដែលបានរួមចំណែកដល់ការជំរុញការធ្វើបរិវត្តកម្មថាមពល របស់អាហ្វ្រិក ប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនេះ មានមន្ត្រីរដ្ឋាភិបាល អ្នកបច្ចេកទេសនិងអ្នកស្រាវជ្រាវជាដើម មកពីប្រទេសជាង ៣០ នៃអាហ្វ្រិកបានចូលរួមវគ្គបណ្តុះបណ្តាល ផ្នែកថាមពលនៅចិន ដែលបានក្លាយជាធនធានមនុស្សដ៏សំខាន់ សម្រាប់រួមចំណែក ដល់ការអភិវឌ្ឍវិស័យថាមពលនៅអាហ្វ្រិក។
* «គ្រូពេទ្យចិន» ជាមិត្តល្អនិងជាអ្នកមានគុណរបស់អ្នកជំងឺនៅអាហ្វ្រិក
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា វិស័យសុខាភិបាលនៅអាហ្វ្រិកមានភាពទន់ខ្សោយ ដូច្នេះ ប្រទេសជាច្រើន នៅអាហ្វ្រិកតែងរងការញាំញីពីជំងឺផ្សេងៗ។ ក្នុងឆ្នាំ ១៩៦៣ ខណៈពេលដែលប្រទេសចិន ទើបទទួលបានការអភិវឌ្ឍតិចតួច ក៏ចូលរួមបុព្វហេតុ មនុស្សធម៌យ៉ាងសកម្ម ដោយបានចាត់បញ្ចូនក្រុមវេជ្ជសាស្ត្រទៅកាន់អាល់ហ្សេរី ដែលជាការបើកឆាកដំបូង នៃការផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រចំពោះប្រទេសអាហ្វ្រិក។ ជាង ៦០ ឆ្នាំកន្លងមកនេះ ក្រុមវេជ្ជសាស្ត្រចិនបានជួយ សង្គ្រោះអាយុជីវិត របស់អ្នកជំងឺអាហ្វ្រិករាប់ម៉ឺនរាប់សែននាក់ និងបានជំរុញសុក្រឹតភាពនៃប្រព័ន្ធសុខាភិបាលរបស់អាហ្វ្រិក ហេតុដូច្នេះ នៅក្នុងក្រសែភ្នែករបស់ប្រជាជនអាហ្វ្រិក «គ្រូពេទ្យចិន»បានក្លាយជានិមិត្តសញ្ញានៃភាពជំនាញ និងភាពអាចទុកចិត្តបាន។ លើសពីនេះ អាហ្វ្រិកជាតំបន់ដែលកើតមានជំងឺរាតត្បាតច្រើន ឱសថនិងវ៉ាក់សាំង របស់ចិនបានរួមចំណែកក្នុងការព្យាបាល និងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការរីករាលដាលនៃជំងឺឆ្លង។
លទ្ធផលជាផ្លែផ្កាដែលបានរៀបរាប់ត្រួសៗទាំងនេះ គ្រាន់តែជាមួយជ្រុងតូចប៉ុណ្ណោះ នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ។ ឆ្លងតាមរយៈកិច្ចសហប្រតិបត្តិ ប្រកបដោយភាពស្មោះត្រង់ សមភាពនិងមេត្រីភាព ប្រទេសចិនបានចែករំលែកបទពិសោធ កាត់បន្ថយភាពក្រីក្ររបស់ខ្លួន ជាមួយបណ្តាប្រទេសអាហ្វ្រិក ជាពិសេសក្រៅពីការខិតខំជួយឱ្យអាហ្វ្រិក មានស្បៀងបរិភោគគ្រប់គ្រាន់ ការជួយបណ្តុះបណ្តាលខាងបច្ចេកទេសឧស្សាហកម្ម និងកម្មន្តសាលក៏បានជំរុញឱ្យអាហ្វ្រិក មានផលិតផលដែល «ផលិតដោយអាហ្វ្រិក» ចូលទៅប្រកួតប្រជែងក្នុងទីផ្សារពិភពលោកផងដែរ។
កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ នឹងបើកធ្វើពីថ្ងៃទី ៤ ដល់ ៦ ខែកញ្ញានេះ នៅទីក្រុងប៉េកាំង។ ជឿជាក់ថា កិច្ចប្រជុំនេះមុខជានឹងទទួល បានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ដែលនឹងបំពេញបន្ថែមកម្លាំងចលករ សម្រាប់ការកសាង សហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិកដែលមានភាពកាន់តែស្អិតល្មួត ក្នុងយុគសម័យថ្មី និងរួមចំណែកថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រសកលជាមិនខាន៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន