(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានសន្យាផ្តល់ហិរញ្ញប្បទាន ចំនួនជាង៥០ពាន់លានដុល្លារ ឱ្យទ្វីបអាហ្រ្វិក សម្រាប់រយៈពេល៣ឆ្នាំខាងមុខ ហើយលោកក៏បានសន្យាជួយបង្កើតការងារ យ៉ាងហោច១លានកន្លែងនៅទីនោះ ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤។
ការសន្យារបស់លោក ស៉ី ជីនពីង ត្រូវបានធ្វើឡើង អំឡុងពិធីបើកកិច្ចប្រជុំកំពូលធំមួយ នៅទីក្រុងប៉េកាំង ដែលមេដឹកនាំអាហ្រ្វិករាប់សិបនាក់ បានមកចូលរួម ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរបស់ទ្វីបមួយនេះ ជាមួយប្រទេសចិន។ លោក ស៉ី បាននិយាយថា សម្រាប់រយៈពេល៣ឆ្នាំខាងមុខ រដ្ឋាភិបាលចិនស្ម័គ្រចិត្តផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងចំនួនស្មើនឹង៣៦០ពាន់លានយាន់ (៥០.៧ពាន់លានដុល្លារ)។ ក្នុងនោះ២១០ពាន់លានយាន់ មានទម្រង់ជាឥណទាន, ៨០ពាន់លានយាន់ មានទម្រង់ជាការគាំទ្រចម្រុះប្រភេទ និង៧០ពាន់លានយាន់ មានទម្រង់ជាការវិនិយោគរបស់ក្រុមហ៊ុនចិន។
ជាមួយគ្នានេះ លោកប្រធានាធិបតីចិន បានសន្យាជួយបង្កើតការងារយ៉ាងហោចណាស់ ១លានកន្លែងសម្រាប់អាហ្រ្វិក ហើយលោក ស៉ី បានសន្យាបន្ថែមថា ចិនក៏នឹងផ្តល់ ជំនួយស្បៀងអាហារបន្ទាន់ គិតជាទឹកប្រាក់ចំនួន១ពាន់លានយាន់ (១៤០.៩ លានដុល្លារ) ព្រមទាំងអនុវត្តគម្រោងសុខុមាលភាពសាធារណៈ ចំនួន៥០០គម្រោង ផងដែរ។
គួរបញ្ជាក់ថា ចិន ដែលជាកំពូលមហាអំណាចសេដ្ឋកិច្ចលេខ២ របស់ពិភពលោក គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាហ្រ្វិក។ លោក ស៉ី ជីនពីង បានសង្កត់ធ្ងន់ថា បច្ចុប្បន្នទំនាក់ទំនងចិន-អាហ្រ្វិក កំពុងស្ថិតក្នុងពេលវេលាដ៏ល្អប្រសើរបំផុត ក្នុងប្រវត្តិសាស្រ្ត៕