(វ៉ាស៉ីនតោន)៖ តាមសេចក្តីប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះ មូលនិធិសម្រាប់យុទ្ធការឃោសនាបោះឆ្នោតរបស់ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump និងគណបក្សរបស់លោក ដែលប្រមូលបាននៅក្នុងខែសីហា មានចំនួនសរុប ២៩៥លានដុល្លារ និងបានកើនឡើង ១៣០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ ២០២៤។
ទឹកលុយនៃមូលនិធិនេះកើនឡើង តិចជាងពេលដែល លោក Trump ត្រូវគេលួចធ្វើឃាតមិនបានសម្រេច កាលពីខែកក្កដា ដោយកាលណោះ ប្រមូលបានសរុប ៣២៧លានដុល្លារ និងមានការកើនឡើង ១៣៨.៧លានដុល្លារ។ ដោយឡែក មូលនិធិសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត របស់បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលពីខែកក្កដា ក៏ទទួលបានជិតប្រហាក់ប្រហែលនឹងលោក Trump ដែរ គឺចំនួន ៣១០លានដុល្លារ។ ចំណែកតួលេខផ្លូវការក្នុងខែសីហា គណបក្សប្រជាធិបតេយ្យមិនទាន់បញ្ចេញនៅឡើយទេ។
ពេលនេះ បេក្ខជនទាំងពីរ កំពុងដណ្តើមប្រជាប្រិយភាព តាមរយៈការផ្សាយពាណិជ្ជកម្មលើកញ្ចក់ទូរទស្សន៍។ មុនពេល លោក បៃដិន ប្រកាសដកខ្លួនពីការប្រកួតយកតំណែងប្រធានាធិបតី ការស្ទង់មតិកន្លងមកបង្ហាញថា លោក Trump នាំមុខលោក បៃដិន ប៉ុន្តែនៅពេលលោកស្រី Harris ចូលមកធ្វើឱ្យការស្ទង់មតិប្រែប្រួល៕