(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែកញ្ញាថាអ៉ីស្រាអែលនឹងយល់ព្រមទទួលយកបទឈប់បាញ់ ជាអចិន្រ្តៃយ៍មួយនៅក្នុងតំបន់ហ្កាហ្សា លុះត្រាតែអាចធានាឱ្យបានថាតំបន់ព្រំដែននៅចន្លោះរវាងភាគខាងត្បូងហ្កាហ្សា និងអេហ្ស៉ីប មិនត្រូវបានប្រើប្រាស់ជាខ្យល់ដកដង្ហើមសម្រាប់ ក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្ស៊េរុយសាឡិម លោក Netanyahu ចង់និយាយសំដៅលើការជំទាស់របស់លោកទៅនឹងការដកកងទ័ពអ៉ីស្រាអែលចេញពីច្រករបៀង Philadelphi ដែលស្ថិតនៅរវាងភាគខាងត្បូងហ្កាហ្សា និងអេហ្ស៉ីប ដើម្បីសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងតាមសំណើរបស់ក្រុមបាតុករ អ៉ីស្រាអែល។ តាមលោក Netanyahu អ៉ីស្រាអែលចង់បានរដ្ឋបាលមួយគ្រប់គ្រងតំបន់ហ្កាហ្សា នៅក្រោយសង្រ្គាមបិទបញ្ចប់ ដែលសមត្ថភាពអាចបង្ការកុំឱ្យច្រករបៀង Philadelphi ត្រូវបានក្រុមហាម៉ាសប្រើប្រាស់ជាផ្លូវដឹកជញ្ជូនអាវុធ និងសម្ភារៈនានាចូលទៅក្នុងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា បច្ចុប្បន្ន ច្រករបៀង Philadelphi គឺជាចំណុចខ្ទាស់ដ៏ធំមួយដែលរារាំងដល់ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ លោក Netanyahu បានទទូចថាកងទ័ពអ៉ីស្រាអែលត្រូវតែបន្តគ្រប់គ្រងច្រករបៀងមួយនេះ រីឯក្រុមហាម៉ាសថាអ៉ីស្រាអែលត្រូវតែដកកងទ័ពចេញពីច្រករបៀង នេះជាមុនសិន៕