(វ៉ាស៊ីនតោន)៖ ទូរទស្សន៍ CNN បានរាយការណ៍ថា សហរដ្ឋអាមេរិកគ្រោងនឹងចោទប្រកាន់រុស្ស៊ីជាផ្លូវការនៅថ្ងៃពុធនេះ ពីបទជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ ២០២៤។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យអ្នករៀបចំបាតុកម្ម និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
ការចោទប្រកាន់នេះផ្តោតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអនឡាញដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃមតិអ្នកបោះឆ្នោតអាមេរិក។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី RT ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចសំខាន់នៃការចោទប្រកាន់នេះ។
ព័ត៌មាននេះចេញប៉ុន្មានម៉ោងមុនពេលអគ្គមេធាវី Merrick Garland នឹងត្រូវធ្វើសុន្ទរកថាជាសាធារណៈនៅក្នុងកិច្ចប្រជុំនៃក្រុមការងារគំរាមកំហែងការបោះឆ្នោតរបស់ក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌បានព្រមានពីមុនថា រុស្ស៊ីនៅតែបន្តគំរាមកំហែងដល់ការបោះឆ្នោតប្រធានាធិបតីខាងមុខនេះ។
ការចោទប្រកាន់នេះបង្ហាញពីការបន្តកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ជុំវិញបញ្ហាសន្តិសុខ និងនយោបាយ។ វាក៏បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីឥទ្ធិពលនៃព័ត៌មានមិនពិត និងការជ្រៀតជ្រែកពីបរទេសក្នុងដំណើរការបោះឆ្នោតប្រជាធិបតេយ្យផងដែរ៕