(កង់បេរ៉ា)៖ មេដឹកនាំថ្មីម្នាក់បានឡើងកាន់អំណាចយ៉ាងឆាប់រហ័សនៅវៀតណាម ហើយមានអ្នកខ្លះថែមទាំងប្រៀបប្រដូចរូបលោកទៅនឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីងទៀតផង។ មេដឹកនាំម្នាក់នេះ គឺអតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក To Lam ដែលសព្វថ្ងៃកំពុងកាន់តំណែងជាប្រធានាធិបតីផង និងជាអគ្គលេខាធិការគណបក្សកុម្មុយនិស្តវៀតណាមផង។ នៅវៀតណាម រចនាសម្ព័ន្ធថ្នាក់ដឹកនាំ មានសសរស្តម្ភនៃតំណែងកំពូលៗចំនួន ៤ រួមមានអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ហើយដែលជាធម្មតា តំណែងទាំងនេះតម្រូវឱ្យកាន់បាន តែមនុស្សម្នាក់ប៉ុណ្ណោះ។

ក្នុងចំណោមតំណែងទាំង៤ អគ្គលេខាធិការបក្សកុម្មុយនិស្ត គឺជាតំណែងកំពូល ដែលមានអំណាចធំជាងគេបង្អស់ នៅក្នុងប្រទេសវៀតណាម។ លោក To Lam មានអាយុ ៦៧ឆ្នាំ ត្រូវបាន តែងតាំងជាអគ្គលេខាធិការថ្មីនៃបក្សកុម្មុយនិស្តវៀតណាម កាលពី​ដើមខែសីហាកន្លងទៅនេះ ក្រោយមរណភាពរបស់លោក Nguyen Phu Trong។ លោក Trong ធ្លាប់កាន់តំណែងទាំង២ ក្នុងពេលព្រមគ្នាដែរ កាលពីចន្លោះខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។ លោក Nguyen Khac Giang ជាអ្នកជំនាញអំពីវៀតណាម មកពីវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បាននិយាយថាការឡើងកាន់អំណាចយ៉ាងឆាប់រហ័សរបស់លោក To Lam ជារឿងដ៏ភ្ញាក់ផ្អើលជាទីបំផុត។ «កាលពីប៉ុន្មានខែមុន លោកកាន់តំណែងត្រឹមជា រដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះ តែឥលូវ ដំណែងរបស់គាត់ ខ្ញុំអាចនិយាយបានថាប្រហាក់ប្រហែលនឹងអំណាចរបស់លោក ស៊ី ជីនពីង ក្នុងប្រទេសចិនដែរ ពីព្រោះលោកកំពុងកាន់មុខនាទី២ ក្នុងពេលតែមួយដូចគ្នា នោះគឺប្រធានាធិបតីផង និងអគ្គលេខាធិការបក្សផង»។ នេះជាការលើកឡើងរបស់លោក Nguyen Khac Giang។

ក៏ប៉ុន្តែ លោក To Lam កាលពីចុងខែសីហាកន្លងទៅនេះត្រូវបានរាយការណ៍ថាបានសម្រេចបោះបង់ចោលតំណែងជាប្រធានាធិបតី ខណៈរដ្ឋសភាវៀតណាម នឹងបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មី នៅខែតុលាខាងមុខនេះ។ ដូច្នេះថាតើការចុះចេញពីតំណែងជាប្រធានាធិបតី អាចឱ្យលោក To Lam បន្តពង្រឹង និងក្ដាប់អំណាចពេញដៃ បានដែរឬក៏អត់? ក្រុមអ្នកវិភាគ បាននិយាយថាខណៈលោក To Lam និងលោក ស៊ី ជីនពីង កំពុងកាន់អំណាច២ ក្នុងពេលតែមួយដូចគ្នា ចិន និងវៀតណាមមានប្រព័ន្ធនយោបាយខុសគ្នា ទោះមានគណបក្សកម្មុយនិស្ដ តែមួយគត់ជាអ្នកដឹកនាំប្រទេសដូចគ្នាក៏ដោយ។

លោកស្រី Huong Le Thu ជានាយករងនៃកម្មវិធីមកពីអង្គការ Crisis Group បាននិយាយថាការក្ដាប់អំណាចផ្ដាច់មុខគ្មានគូប្រជែងរបស់លោក ស៊ី ជីនពីង នៅក្នុងប្រទេសចិន គឺមានលក្ខណៈ ផ្ទុយគ្នាពីប្រព័ន្ធនយោបាយវៀតណាម។ ថ្វីបើជាប្រទេសកម្មុយនិស្ដឯកបក្សក៏ពិតមែន តែវៀតណាមមានប្រព័ន្ធនយោបាយដែលផ្តោតជាសំខាន់លើ «ការសម្រេចចិត្តបែបសមូហភាព» ភ្ជាប់ជាមួយ ការតាមដានលើ «អំណាចនីតិប្រតិបត្តិ» ដើម្បីបញ្ចៀសកុំឱ្យបុគ្គលណាម្នាក់ក្លាយជាមេដឹកនាំផ្ដាច់ការ។ លោកស្រី Huong Le Thu បានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាលោក To Lam មានអំណាចធំជាងមេដឹកនាំវៀតណាមមុនៗក៏ដោយ ក៏ខ្ញុំគិតថាការដើរចេញពី «ភាពជាមេដឹកនាំសមូហភាព» ជារឿងដ៏ពិបាកបំផុតនៅវៀតណាម»។ លោកស្រីបន្ថែមថាលោក Lam អាចនឹងបន្ត ព្យាយាមពង្រឹងអំណាច ប៉ុន្តែថាតើលោកអាចពង្រឹងអំណាចដល់កម្រិតណា គឺជារឿងមួយផ្សេងទៀតដែលគេត្រូវរង់ចាំមើល និងមិនអាចនិយាយទុកមុននោះទេ។ ស្រដៀងគ្នានេះដែរ លោក Carl Thayer ជាសាស្ត្រាចារម្នាក់មកពីសាកលវិទ្យាល័យ UNSW Canberra បាននិយាយថាការទទួលខុសត្រូវរបស់លោក Lam ចំពោះសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាម ទាំង២០០នាក់ មានលក្ខណៈខុសគ្នាស្រឡះពីការទទួលខុសត្រូវរបស់លោក ស៊ី ជីនពីង។

តាមលោក Carl Thayer លោក ស៊ី ជីនពីង ជាបុរសខ្លាំងពិតប្រាកដម្នាក់ រីឯវប្បធម៌នយោបាយនៅវៀតណាម ការប្រមូលផ្ដុំអំណាច ឬតំណែងកំពូលៗនៅក្រោមមនុស្សតែម្នាក់ដូចជាលោក ស៊ី ជីនពីង មិនមែនជារឿងពេញនិយមឡើយ។ លោក Nguyen Phu Trong ជាអតីតមេដឹកនាំវៀតណាមតែម្នាក់គត់ មុនលោក Lam ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីផង និងជា អគ្គលេខាធិការបក្សផង ក្នុងពេលតែមួយ។​ តែកាន់តំណែងបាន៣ឆ្នាំ លោក Nguyen Phu Trong បានសម្រេចចិត្តបោះបង់ចោលតំណែងជាប្រធានាធិបតី។ ផ្អែកលើវប្បធម៌នយោបាយបែបនេះ លោក Lam មិនចង់ឱ្យគេឃើញថារូបលោកកំពុងពង្រឹងអំណាចជ្រុលហួសហេតុពេកនោះទេ។ ម្លោះហើយ លោក Lam នឹងបោះបង់ចោលតំណែងប្រធានាធិបតី ទៅឱ្យមនុស្សម្នាក់ដែលមកពី យោធា ឬក្រសួងសន្តិសុខសាធារណៈដែលលោកធ្លាប់គ្រប់គ្រង។ ធ្វើបែបនេះ គឺលោកអាចនៅតែទទួលបានផលចំណេញយ៉ាងច្រើនពីយោធា ដើម្បីពង្រឹងអំណាចបន្ថែមឱ្យកា្លយទៅជាមេដឹកនាំ មានអំណាចជាក់ស្ដែង ឬ de facto Leader។

ដូច្នេះ បើតាមលោក Giang វៀតណាមនឹងនៅតែបន្តរក្សាប្រព័ន្ធនយោបាយផ្អែកលើសមូហភាពជាមូលដ្ឋាន ប៉ុន្តែអ្វីដែលលោក Lam ត្រូវការ នោះគឺអំណាចជាក់ស្ដែងដែលនឹងធ្វើឱ្យរូបលោក ពង្រឹងអំណាចទៅជាប្រភេទមេដឹកនាំដែលគេហៅថា «បុរសខ្លាំង»៕