(ប៉ិនហាហ្គែន)៖ សកម្មជនបរិស្ថានល្បីឈ្មោះ Greta Thunberg ត្រូវប៉ូលិសដាណឺម៉ាកឃាត់ខ្លួនក្នុងការតវ៉ានៅទីក្រុង Copenhagen កាលពីថ្ងៃពុធ ដើម្បីប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា និងការកាន់កាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យអ្នករៀបចំបាតុកម្ម និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
យ៉ាងណាក៏ដោយ ក្រោយមកកញ្ញា Thunberg ត្រូវបានដោះលែងវិញ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាក។
អ្នកនាំពាក្យប៉ូលិសបានបញ្ជាក់ថា មនុស្សសរុប ៦នាក់ត្រូវបានឃាត់ខ្លួននៅសកលវិទ្យាល័យ Copenhagen បន្ទាប់ពីមនុស្សប្រមាណ ២០ នាក់បានបិទច្រកចូលអគារមួយ និងមាន ៣នាក់បានចូលទៅក្នុងអគារ។
កញ្ញា Thunberg ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះយុទ្ធនាការរបស់នាងដើម្បីបញ្ចប់ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស ក៏បានប្រកាន់យកបុព្វហេតុប៉ាឡេស្ទីនកាន់តែខ្លាំងឡើងផងដែរ។ កាលពីខែឧសភា នាងបាននិយាយថា ការតវ៉ាបែបនេះ «គួរតែមាននៅគ្រប់ទីកន្លែង»។
វីដេអូដែលបង្ហោះដោយក្រុមនិស្សិតប្រឆាំងការកាន់កាប់ ដែលជាក្រុមនិស្សិតគាំទ្រប៉ាឡេស្ទីន បានបង្ហាញមន្ត្រីប៉ូលិសកំពុងដឹកនាំ Thunberg និងអ្នកតវ៉ាដទៃទៀតចូលទៅក្នុងឡានប៉ូលិស ខណៈដែលពួកគេត្រូវបានដាក់ខ្នោះដៃ ឬដៃរបស់ពួកគេត្រូវបានចងនៅពីក្រោយខ្នង។
នាយកផ្នែកអប់រំនៅសាកលវិទ្យាល័យ Copenhagen លោក Kristian Cedervall Lauta បាននិយាយតាមអ៊ីមែលថា សាកលវិទ្យាល័យអាចនឹងចាត់វិធានការវិន័យប្រឆាំងនឹងនិស្សិតដែលបានចុះឈ្មោះចូលរៀន ដែលបានចូលរួមក្នុងការតវ៉ានេះ។ គួរបញ្ជាក់ថា កញ្ញា Thunberg មិនមែនជានិស្សិតនៅសាកលវិទ្យាល័យនោះទេ៕