(ប៉េកាំង)៖ ថ្ងៃទី១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ នាយកដ្ឋានសេវាកម្មកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដោយវាយប្រហារនាវាឆ្មាំសមុទ្រចិនដែលបានចាត់ប្រតិបត្តិការដ៏គ្រោះថ្នាក់ ចំពោះនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ មុននេះ ក្រសួងការបរទេសអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ ដោយមួលបង្កាច់នាវាឆ្មាំសមុទ្រចិនថាបាន "បំបុកដោយចេតនា" ជាមួយនាវាហ្វីលីពីនផងដែរ។ ប៉ុន្តែ ការឃោសនាបំប៉ោង និងការសម្ដែងខាងនយោបាយ របស់អាមេរិកនិងសហភាពអឺរ៉ុប សុទ្ធតែគ្មានភស្តុតាងអ្វីទាល់តែសោះ។
ក្នុងរយៈពេលត្រឹមតែដប់ថ្ងៃប៉ុណ្ណោះ ប្រទេសហ្វីលីពីនបានធ្វើប្រតិបត្តិការបំពានចូលដ៏គ្រោះថ្នាក់បំផុត ចំនួនបួនដង និងប្រតិបត្តិការដឹកជញ្ជូន និងបោះទម្លាក់តាមផ្លូវអាកាស នៅដែនសមុទ្ធនៃថ្មប៉ប្រះទឹក Ren'ai និងថ្មប៉ប្រះទឹក Xianbinរបស់ប្រទេសចិន។ ក្នុងនោះ ប្រតិបត្តិការថ្មីបំផុតបានកើតឡើង នៅថ្ងៃទី៣១ ខែសីហា។ តាមរយៈវីដេអូផ្សាយផ្ទាល់ អ្នកផងទាំងពួងអាចមើលឃើញយ៉ាងច្បាស់លាស់ថា៖ នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៩៧០១ ដែលបានចតដោយខុសច្បាប់ នៅថ្មប៉ប្រះទឹក Xianbin របស់ប្រទេសចិន បានលើកយុថ្កា និងបើកបំបុកដោយចេតនាប្រកបដោយគ្រោះថ្នាក់ ជាមួយនាវាឆ្មាំសមុទ្រចិន ដែលកំពុងគាំពារសិទ្ធិនិងអនុវត្តច្បាប់ជាប្រក្រតីភាព បណ្តាលឱ្យមានការប៉ះទង្គិចគ្នា។
ចំណាត់ការនៅនឹងកន្លែងរបស់ភាគីចិនគឺសមហេតុផល មានភាពជំនាញ ស្របច្បាប់ និងមានបទដ្ឋាន។ លើសពីនេះទៀត វីដេអូក៏បានលេចចេញនូវរូបភាព ដែលយន្តហោះឈ្លបយកការណ៍ P-8A របស់កងទ័ពអាមេរិក មកជ្រៀតជ្រែកប្រតិបត្តិការ អនុវត្តច្បាប់របស់ឆ្មាំសមុទ្រចិនផងដែរ។ ទង្វើទាំងនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ភាគីហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះរឿងបុកគ្នារវាងនាវារបស់ភាគីទាំងពីរ។ អ្នកដែលកំពុងបង្កហេតុនិងធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ នៅសមុទ្រចិនខាងត្បូង គឺប្រទេសហ្វីលីពីន រីឯអ្នកដែលជំរុញឱ្យស្ថានការណ៍ឡើងកម្តៅ នៅពីក្រោយឆាក ហើយខ្លាចតែសមុទ្រចិនខាងត្បូង មិនច្របូកច្របល់គឺជាអាមេរិក។
អាមេរិកនិងសហភាពអឺរ៉ុបមិនមែនជា សាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយក៏គ្មានសិទ្ធិលូកដៃចំពោះរឿងនេះដែរ។ ពួកគេគាំទ្រប្រតិបត្តិការបង្កហេតុរបស់ភាគីហ្វីលីពីន ដែលបំពានលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន គឺដោយសារពួកគេមានបំណងទុច្ចរិតរៀងៗខ្លួននៅពីក្រោយ។
បើនិយាយចំពោះភាគីអាមេរិក ប្រទេសហ្វីលីពីនស្ថិតនៅចំណុចសំខាន់ដែលហៅថា “ខ្សែសង្វាក់កោះទីមួយ” ហើយមានវិវាទដែនសមុទ្រជាមួយប្រទេសចិន ហ្វីលីពីនគឺជាជម្រើសដំបូងរបស់អាមេរិក ក្នុងការជំរុញ “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” នៅសមុទ្រចិនខាងត្បូង។ ជាការពិត ចាប់តាំងពីឆ្នាំ២០២៣មក នៅពីក្រោយសកម្មភាពផ្សងព្រេង និងបង្កហេតុរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង សុទ្ធតែញុះញង់ដោយអាមេរិក។
ពីការចាត់បញ្ជូនអ្នកសារព័ត៌មានតាមថត និងឃោសនាបំប៉ោង ដល់ការផ្តល់ជំនួយស៊ើបការណ៍ នៅកន្លែងកើតហេតុ និងជំនួយការទូត រហូតដល់ព្រលយសម្តីថា《សន្ធិសញ្ញាការពាររួមគ្នារវាងអាមេរិកនិងហ្វីលីពីន》គឺសមស្របប្រើនៅ សមុទ្រចិនខាងត្បូង គោលបំណងរបស់ភាគីអាមេរិកគឺចង់រុញច្រានហ្វីលីពីនឱ្យចូលក្នុងភ្នក់ភ្លើង បង្កភាពច្របូកប្របល់ នៅដែនសមុទ្រចិនខាងត្បូង ហើយបន្ថែមថ្លៃដើមនៃការគាំពារសិទ្ធិ លើសមុទ្ររបស់ប្រទេសចិន ដើម្បីរឹតបន្ដឹង និងធ្វើបាបប្រទេសចិន។
ចំណែកសហភាពអឺរ៉ុបវិញ ក្រោមការជ្រៀតចូលរយៈពេលវែងរបស់អាមេរិក បូករួមទាំងផលប៉ះពាល់ដែលនាំមក ដោយវិបត្តិអ៊ុយក្រែន ឯករាជ្យភាពនៃនយោបាយ និងការទូតរបស់សហភាពអឺរ៉ុប បានរងការប៉ះពាល់។ ក្នុងកម្រិតធំ ការលូកដៃចូលក្នុងកិច្ចការអាស៊ីប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គឺដើម្បីសហការជាមួយ យុទ្ធសាស្ត្រសកលរបស់អាមេរិក ហើយក៏ចង់ឆ្លៀតឱកាសនេះ ពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ។
មិនថាអាមេរិកនិងសហភាពអឺរ៉ុបគាំទ្រដល់ ហ្វីលីពីនយ៉ាងណាក៏ដោយ ក៏វាមិនអាចកែប្រែការពិតដែលថា ថ្មប៉ប្រះទឹក Xianbin ជាកម្មសិទ្ធិរបស់ប្រទេសចិនទេ ហើយក៏មិនអាចបិទបាំងធាតុពិត នៃការរំលោភលើអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍ ដែនសមុទ្ររបស់ប្រទេសចិន ហើយក៏មិនអាចជួយភាគីហ្វីលីពីន សម្រេចបាននូវបំណងទុច្ចរិត ដែលចង់កាន់កាប់កោះ និងថ្មប៉ប្រះទឹកកាន់តែច្រើន នៅសមុទ្រចិនខាងត្បូងដែរ។
សមុទ្រចិនខាងត្បូងគឺជាសមុទ្រសន្តិភាព ហើយការការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺជាសេចក្តីប្រាថ្នារួម របស់ប្រទេសក្នុងតំបន់។ ការដកនាវាដែលចតដោយខុសច្បាប់ជាបន្ទាន់ និងបញ្ឈប់ទង្វើរំលោភសិទ្ធិ និងបង្កហេតុជាបន្ទាន់ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ សម្រាប់ហ្វីលីពីន។ បើមិនដូច្នេះទេ ហ្វីលីពីននឹងបង់តម្លៃកាន់តែច្រើន។ ភាគីចិនមាន ការប្ដេជ្ញាចិត្ត យ៉ាងមុតមាំមិនងាករេក្នុង ការគាំរពារអធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ហើយក៏មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំមិនងាករេ ក្នុងការបន្តរួមជាមួយប្រទេសក្នុងតំបន់ដើម្បីគាំរពារសន្តិភាព និងស្ថិរភាពនៅ សមុទ្រចិនខាងត្បូងផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន