(អាប៊ូហ្សា)៖ ប្រទេសចិន បានប្តេជ្ញាលើកទឹកចិត្តឱ្យក្រុមហ៊ុនធំៗ វិនិយោគនៅនីហ្សេរីយ៉ា ក្នុងពេលដែលប្រទេសអាហ្រ្វិកមួយនេះ បានអះអាងថា ខ្លួនកំពុងបើកចំហ ចំពោះក្រុមហ៊ុនចិនលើការសាងសង់រោងចក្រ អភិវឌ្ឍធនធានថាមពល និងរ៉ែជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ ២០២៤។

តាមសេចក្តីថ្លែងការណ៍រួមក្រោយជំនួបក្នុងទីក្រុងប៉េកាំង រវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃអង្គារសប្តាហ៍នេះ ចិនប្រកាសស្វាគមន៍នីហ្សេរីយ៉ា មកកាន់វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភាររបស់ខ្លួន ហើយថាចង់ជួយធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ កាន់តែប្រសើរ។

ប្រទេសទាំងពីរ បានព្រមព្រៀងលើកទឹកចិត្តចំពោះកិច្ចសហប្រតិបត្តិការរូបិយវត្ថុ និងហិរញ្ញវត្ថុក្នុងតំបន់ ដូចជា ការផ្លាស់ប្តូររូបិយប័ណ្ណក្នុងស្រុក ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។ ចិន គាំទ្រនីហ្សេរីយ៉ាក្នុងការធ្វើឱ្យប្រសើរឡើង នូវបច្ចេកវិទ្យាយោធា បរិក្ខារស៉ើបការណ៍សម្ងាត់ ក៏ដូចជាសមត្ថភាពដ៏ទៃទៀត ដោយយល់ព្រមធ្វើការដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ Sahel ឈូងសមុទ្រហ្គីណេ និងតំបន់ផ្សេងៗទៀត។

អ្នកនាំពាក្យរដ្ឋាភិបាលនីហ្សេរីយ៉ា បានឱ្យដឹងថា ភាគីទាំងពីរគ្រោងពង្រឹងទំនាក់ទំនង ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ការអភិវឌ្ឍន៍ធនធានមនុស្ស និងថាមពលនុយក្លេអ៊ែរ។ ក្នុងពេលចុះទៅទស្សនាមន្ទីរពិសោធន៍ស្រាវជ្រាវ Huawei លោក Tinubu ក៏ទទួលបាននូវការប្តេជ្ញាចិត្តពីក្រុមហ៊ុន Huawei លើការបង្កើតមន្ទីរពិសោធន៍ថាមពលពន្លឺព្រះអាទិត្យរួមគ្នាមួយ នៅនីហ្សេរីយ៉ា។ ដោយឡែក ក្រុមហ៊ុន​ចិន​មួយ​ទៀត ​ក៏​បាន​សន្យា​បង្កើត​រោងចក្រ​ដំឡើង​កង់​បី​អគ្គិសនី និង​បណ្ដុះបណ្ដាល​ជនជាតិ​នីហ្សេរីយ៉ា​ លើ​ការ​អភិវឌ្ឍវិស័យ​បច្ចេកវិទ្យា និង​ថាមពល​កកើត​ឡើង​វិញផងដែរ។

គួរបញ្ជាក់ថា តាមតួលេខពីការិយាល័យគ្រប់គ្រងបំណុលនីហ្សេរីយ៉ា ចិនគឺជាអ្នកផ្តល់ប្រាក់កម្ចីដ៏ធំបំផុតរបស់ខ្លួន ជាមួយនិងប្រាក់កម្ចីចំនួន ៥ពាន់លានដុល្លារ គិតត្រឹមចុងខែមីនា ឆ្នាំ ២០២៤៕