(ឡុងដ៍)៖ របាយការណ៍សិក្សាមួយ ផ្តួចផ្តើមដោយអង្គការសុខភាពពិភពលោក (WHO) ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានរកឃើញថា មិនមានការជាប់ពាក់ព័ន្ធគ្នារវាង ការប្រើប្រាស់ទូរស័ព្ទចល័ត ហើយនិងការកើនឡើងហានិភ័យ នៃជំងឺមហារីកខួរក្បាល នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤។

ការសិក្សាវិភាគខាងលើ ត្រូវបានធ្វើឡើងចំពោះការស្រាវជ្រាវសរុបចំនួន៦៣ មកពីចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២២ និងត្រូវបាន​ពិនិត្យវាយតម្លៃ ដោយក្រុមអ្នកស៉ើបអង្កេតចំនួន១១រូប មកពីប្រទេសចំនួន១០ ហើយលទ្ធផលចេញមក បានសន្និដ្ឋានថា ទោះបី​ជា​ការប្រើប្រាស់បច្ចេកវិទ្យា wireless បានកើនឡើងយ៉ាងខ្លាំងសម្បើមក៏ដោយ គឺមិនមានភស្តុតាងបង្ហាញថា វាអាចបង្កើនហានិភ័យ នៃករណីកើតជំងឺមហារីកខួរក្បាលឡើយ។ លទ្ធផលរកឃើញនេះ គឺសម្រាប់ទាំងអ្នកដែលនិយាយទូរស័ព្ទយូរៗ ឬអ្នកដែលប្រើប្រាស់​ទូរស័ព្ទចល័តជាប់រហូតមក រយៈពេលលើសពី១ទសវត្សរ៍។ ការងារសិក្សានេះ បានពិនិត្យលើផលប៉ះពាល់ នៃរលកវិទ្យុសកម្មដែល​ប្រើដោយទូរស័ព្ទចល័ត ព្រមទាំងផ្តោតទៅលើជំងឺមហារីកខួរក្បាល ទាំងក្នុងចំណោមមនុស្សពេញវ័យ និងទាំងក្នុងចំណោមកុមារ។

គួរបញ្ជាក់ថា កន្លងមក WHO និងអង្គការសុខភាពអន្តរជាតិផ្សេងៗទៀត ធ្លាប់បាននិយាយថា វាមិនមានភស្តុតាងជាក់ស្តែងណាមួយ នៃផលប៉ះពាល់អវិជ្ជមានចំពោះសុខភាព ដែលបណ្តាលមកពីរលកវិទ្យុសកម្មប្រើប្រាស់ ដោយទូរស័ព្ទចល័តឡើយ ប៉ុន្តែបានអំពាវនាវ ឱ្យមានការសិក្សាស្រាវជ្រាវបន្ថែម។ សព្វថ្ងៃ វាត្រូវបានចាត់ថ្នាក់ class 2B ដោយទីភ្នាក់ងារ International Agency for Research on Cancer (IARC) ដែលជាថ្នាក់ត្រូវបានប្រើប្រាស់ នៅពេល IARC មិនអាចបដិសេធទាំងស្រុងតែម្តង ចំពោះលទ្ធភាពនៃការជាប់ពាក់ព័ន្ធគ្នា។ ក្រុមប្រឹក្សាផ្តល់យោបល់ របស់ IARC បានអំពាវនាវ ឱ្យការចាត់ថ្នាក់នោះ ត្រូវវាយតម្លៃ​ឡើងវិញឱ្យបានឆាប់រហ័ស ដោយផ្អែកលើទិន្នន័យថ្មីៗ គិតចាប់តាំងពីការវាយតម្លៃលើកចុងក្រោយ តាំងតែពីឆ្នាំ២០១១៕