(ដាក្កា)៖ អាជ្ញាធរនៃប្រទេសបង់ក្លាដែស បានឱ្យដឹងថា អំឡុងពេលប៉ុន្មានខែមកនេះ ជនជាតិមូស្លីមរ៉ូហ៉ីងយ៉ាប្រហែល៨,០០០នាក់ បានរត់ភៀសខ្លួនមកកាន់បង់ក្លាដែស ដើម្បីគេចចេញពីការកើនឡើងនៃអំពើហិង្សា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤។

អំពើហិង្សាបានកើនឡើង ស្របពេលដែលការប្រយុទ្ធគ្នា រវាងកងកម្លាំងរបបសឹកមីយ៉ាន់ម៉ា និងក្រុមចលនាប្រដាប់អាវុធ Arakan Army នៅតែបន្តយ៉ាងក្តៅគគុក។ លោក Mohammad Shamsud Douza មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន របស់​រដ្ឋាភិបាលបង់ក្លាដែស បាននិយាយយ៉ាងដូច្នេះថា «យើងទទួលបានព័ត៌មានថា ជនជាតិរ៉ូហ៉ីងយ៉ាប្រហែល៨,០០០នាក់ បានរត់ឆ្លងចូល​មកបង់ក្លាដែស នាពេលថ្មីៗនេះ ពោលភាគច្រើនគឺអំឡុង២ខែចុងក្រោយ។ បង់ក្លាដែស បច្ចុប្បន្ន កំពុងតែទទួលរងបន្ទុកលើសលប់​រួចទៅហើយ និងមិនអាចទទួលយក ជនជាតិរ៉ូហ៉ីងយ៉ាង បន្ថែមទៀតបាននោះទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ ជនភៀសខ្លួនរ៉ូហ៉ីងយ៉ារាប់ម៉ឺននាក់ នៅបង់ក្លាដែស បាននាំគ្នាធ្វើការប្រមូលផ្តុំ ដើម្បីរំលឹកខួប៧ឆ្នាំ នៃយុទ្ធនាការបង្រ្កាបយោធា កាលពីឆ្នាំ២០១៧ ដែលបានបង្ខំឱ្យពួកគេរត់ចេញពីមីយ៉ាន់ម៉ា។ ជនជាតិរ៉ូហ៉ីងយ៉ា​ទាំងនោះ បានទាមទារឱ្យបិទបញ្ចប់អំពើហិង្សា និងការវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព។ សព្វថ្ងៃ មានជនជាតិរ៉ូហ៉ីងយ៉ាជាង១លាននាក់ កំពុងរស់នៅតាមជំរំដ៏កកកុញ នៅភាគខាងត្បូងបង់ក្លាដែស ជាមួយក្តីសង្ឃឹមតិចតួចបំផុត ក្នុងការវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញ ជាទីដែលពួកគេ ត្រូវបានបដិសេធភាពជាពលរដ្ឋ និងសិទ្ធិមូលដ្ឋានផ្សេងដទៃទៀត៕