(បាងកក)៖ ព្រឹត្តិបត្ររបស់ព្រះរាជវាំងថៃ បានបង្ហាញនៅថ្ងៃពុធនេះថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសម្រេច​អនុម័តយល់ព្រម ចំពោះគណៈរដ្ឋមន្រ្តីថ្មីរបស់នាយករដ្ឋមន្រ្តី អ្នកស្រី Paetongtarn Shinawatra ដោយនៅក្នុងនោះមាន បុគ្គលថ្មីៗ​ចំនួន១២នាក់ ក្នុងចំណោមសមាសភាពសរុប៣២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤។

​គណបក្ស Pheu Thai របស់អ្នកស្រី Paetongtarn ដែលជាបក្សធំជាងគេ នៅក្នុងដៃគូចម្រុះ មានសមាជិកច្រើនជាងគេ នៅក្នុង​គណៈរដ្ឋមន្រ្តីថ្មីនោះ ហើយបានរក្សារដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Pichai Chunhavajira និងរដ្ឋមន្រ្តីការបរទេស លោក Maris Sangiampongsa ឱ្យនៅកាន់តំណែងដដែល។ រីឯឧបនាយករដ្ឋមន្រ្តី លោក Phumtham Wechayachai បានឡើងជា​រដ្ឋមន្រ្តីការពារជាតិ ខណៈតំណែងចាស់ជា រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់លោក ត្រូវបានជំនួសដោយទីប្រឹក្សាជាន់ខ្ពស់របស់ Pheu Thai និងជាអតីតរដ្ឋមន្រ្តីថាមពលគឺ លោក Pichai Naripthaphan។

គណបក្ស Pheu Thai គ្រប់គ្រងតំណែងចំនួន១៧ នៅក្នុងគណៈរដ្ឋមន្រ្តីថ្មីខាងលើ ដែលរួមមានទាំងរដ្ឋមន្រ្តីនិងអនុរដ្ឋមន្រ្តី ខណៈតំណែង​១៩ទៀត ត្រូវបានបែងចែកគ្នា ក្នុងចំណោមបណ្តាគណបក្ស ដែលជាដៃគូចម្រុះ។ អ្នកស្រី Paetongtarn អាយុ៣៨ឆ្នាំ ត្រូវបាន​រដ្ឋសភាថៃបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តីថ្មីកាលពីខែមុន ក្រោយលោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញ សម្រេចដកហូតតំណែង។

គួរបញ្ជាក់ថា អ្នកស្រីជានាយករដ្ឋមន្រ្តីវ័យក្មេងបំផុត និងជានាយករដ្ឋមន្រ្តីស្រីទី២ របស់ប្រទេសថៃ។ អ្នកស្រី ត្រូវជាកូនស្រីពៅរបស់​អតីតមេដឹកនាំថៃដ៏មានឥទ្ធិពល គឺលោក Thaksin Shinawatra ហើយជាសមាជិកទី៤ នៃគ្រួសារត្រកូល Shinawatra ដែលបានកាន់តំណែងជានាយករដ្ឋមន្រ្តី៕