(ហ៊្សេរុយសាឡិម)៖ អតីតដៃគូក្នុងក្រុមចម្រុះស្តាំនិយមរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អ៉ីស្រាអែលមិនចាំបាច់រក្សាកងទ័ពសម្រាប់ហេតុផលសន្តិសុខ នៅឯតំបន់ព្រំដែនភាគខាងត្បូងហ្កាហ្សានោះទេ ហើយក៏មិនគួរប្រើប្រាស់ហេតុផលនេះ ដើម្បីរារាំងកិច្ចព្រមព្រៀងនាំយកចំណាប់ខ្មាំងត្រលប់មកផ្ទះវិញនោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Benny Gantz អតីតឧត្តមសេនីយ៍ និងជាប្រធានអគ្គសេនានៃកងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែល ហើយធ្លាប់ជាសមាជិកគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាម របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu រហូតលាលែងពីតំណែង ក្នុងខែមិថុនា បាននិយាយថា បញ្ហាអ៉ីរ៉ង់ ច្រករបៀង Philadelpphi ដែលស្ថិតនៅចុងភាគខាងត្បូងហ្កាហ្សាជាប់ព្រំដែនអេហ្ស៉ីប មិនមែនជាការគំរាមកំហែងចម្បងរបស់អ៉ីស្រាអែលទេ។

លោក Gantz បានបន្ថែមថា ចំណាត់ការរបស់ លោក Netanyahu មិនមែនជាយុទ្ធសាស្រ្តនៃការសម្រេចចិត្តដ៏ត្រឹមត្រូវឡើយ។ អ៉ីស្រាអែល ចាំបាច់ត្រូវបង្កើនការវាយប្រហារលើក្រុម Hezbollah នៅភាគខាងត្បូងលីបង់ ដើម្បីបញ្ឈប់ការបាញ់ផ្លោងគ្រាប់រ៉ុក្កែតរាល់ថ្ងៃ និងអនុញ្ញាតឱ្យពលរដ្ឋភៀសខ្លួនត្រលប់ទៅផ្ទះវិញ ហើយស្វែងរកកិច្ចព្រមព្រៀងមួយដែលនាំទៅដល់ ការដោះលែងចំណាប់ខ្មាំងពីដៃក្រុមហាម៉ាស។

គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មាន កាលពីដើមសប្តាហ៍ លោក Netanyahu និយាយថា អ៉ីស្រាអែលត្រូវតែរក្សាវត្តមានកងទ័ព នៅច្រករបៀង Philadelphi ប៉ុន្តែលោក Gantz និយាយថា ខណៈច្រករបៀងមានសារៈសំខាន់ ដើម្បីទប់ស្កាត់ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដ៏ទៃទៀត ពីការនាំយកអាវុធចូលក្នុងតំបន់ហ្កាហ្សា នោះទាហានអ៉ីស្រាអែល នឹងក្លាយទៅជាអ្នកយាមផ្លូវ ហើយមិនអាចបញ្ឈប់ប្រតិបត្តិការតាមផ្លូវរូងក្រោមដីបានទេ៕