(ភ្នំពេញ)៖ បាតុកម្មតវ៉ាក្នុងការដាក់សម្ពាធទៅលើរូបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេថាន់ យ៉ាហ៊ូ ដើម្បីឱ្យមានធានារកកិច្ចឈប់បាញ់គ្នាមួយជាមួយក្រុមហាម៉ាស់ ដើម្បីរកការដោះលែងចំណាប់ខ្មាំងនោះ បានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែល កាន់តែប្តេជ្ញាថា នឹងប្រើប្រាស់អំពើហិង្សាកាន់តែខ្លាំងទ្វេដង វាយប្រហារដាក់លើក្រុមហាម៉ាស់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងនៅក្នុងសន្និសីទកាសែត ក្នុងសប្តាហ៍នេះថា អ៊ីស្រាអែល «ត្រូវតែរួបរួមគ្នាជាតែមួយ» ខណៈដែលប្រទេសកំពុងប្រឈមមុខនឹង «សត្រូវដ៏ព្រៃផ្សៃ និងកាចសាហាវ» ដែលចង់ «លុបបំបាត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលទាំងអស់គ្នានោះ»។
ប្រសាសន៍ថ្លែងរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងសន្និសីទសារព័ត៌មានពីក្រុងហ្សេរុយសាឡឹម បានទន្ទឹមនឹងការតវ៉ាដ៏ធំមួយបានកើតឡើង ក្នុងការដាក់សម្ពាធបង្ខំឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ត្រូវតែធានាឱ្យមានកិច្ចឈប់បាញ់គ្នាមួយជាមួយក្រុមហាម៉ាស់ដើម្បីរកការដោះលែងចំណាប់ខ្មាំង។

ការផ្ទុះឡើងនូវការតវ៉ាដ៏ធំទូទាំងប្រទេស គឺនៅបន្ទាប់ពីមានការសម្លាប់់ឈ្លើយសឹកចំនួន ៦នាក់ទៀត ដែលគេប្រទះឃើញ នៅក្នុងរួងក្រោមដីក្នុងតំបន់ហ្គាហ្សា ដែលជាស្នាដៃដោយក្រុមហាម៉ាស់។ ក្រុមពលរដ្ឋអ៊ីស្រាអែលដែលតវ៉ា បានបន្ទោសថា វាជាកំហុសរបស់លោកនាយក រដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលបានរារាំងជុំវិញសំណើរកកិច្ចព្រមព្រៀង ឈប់បាញ់ដើម្បីរកការដោះលែងចំណាប់ខ្មាំងនោះ។

លោក Netanyahu ថ្លែងនៅក្នុងសន្និសីទកាសែត បាននិយាយសុំរក «ការអភ័យទោស» ដែលចំណាប់ខ្មាំងទាំងប្រាំមួយនាក់ មិនត្រូវបានគេនាំវិលត្រឡប់មកផ្ទះវិញឡើយ ដោយលោកនិយាយថា ពួកគេបានស្ថិតនៅជិតនឹងការរំដោះឱ្យរួចជីវិតទៅហើយ ប៉ុន្តែសោកស្តាយដោយ កងកម្លាំងអ៊ីស្រាអែល មិនបានសម្រេចក្នុងកិច្ចការរំដោះជីវិតនោះឡើយ។

 ការធ្វើកោសល្យវិច័យ បានបង្ហាញថា ចំណាប់ខ្មាំងទាំងនោះ ត្រូវបានគេបាញ់សម្លាប់ នៅថ្ងៃព្រហស្បតិ៍ឬព្រឹកថ្ងៃសុក្រ ខណៈកងកម្លាំងអ៊ីស្រាអែលបានប្រកាសការរកឃើញសាកសពពួក គេទាំងអស់នៅក្នុងផ្លូវរូងក្រោមដី នៅថ្ងៃសៅរ៍ទី៣១ ខែសីហា។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងប្តេជ្ញាការសងសឹកថា ក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវតែបង់ខាតទ្វេដង ចំពោះអំពើសម្លាប់រង្គាលដាក់មកលើប្រជាជនអ៊ីស្រាអែល។

លោក Netanyahu បានបញ្ជាក់ត្រង់ចំណុចនេះបន្តទៀតថា លោកនឹងមិនបញ្ជាក់ថាតើតម្លៃធំ ប៉ុណ្ណា ដែលហាម៉ាស់ ត្រូវបង់ខាតវិញនូវអំពើសងសឹករបស់អ៊ីស្រាអែលឡើយ ប៉ុន្តែលោក ប្តេជ្ញាថា នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលមួយតបទៅវិញ។ លោកបញ្ជាក់បន្ថែមថាថាកងកម្លាំង អ៊ីស្រាអែល នឹងមិនដកជើងរបស់ខ្លួនថយចេញពីការ «ជាន់ក» ក្រុមហាម៉ាស់នោះឡើយ។

មេដឹកនាំអ៊ីស្រាអែលក្នុងសន្និសីទកាសែតដដែល បានបញ្ជាក់សាជាថ្មីនូវគោលដៅរបស់អ៊ីស្រាអែល នោះគឺការលុបបំបាត់ក្រុមហាម៉ាស, ការនាំយកចំណាប់ខ្មាំងដែលនៅសេសសល់ វិលមកវិញ និងការត្រូវប្រាកដថា តំបន់ហ្គាហ្សាទាំងមូល នឹង «លែងបង្កជាការគំរាមកំហែងដាក់លើអ៊ីស្រាអែល» និងការអនុញ្ញាតឱ្យប្រជាជនដែលរស់នាភាគខាងជើង វិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។

លោក Netanyahu បាននិយាយប្តេជ្ញាទៀតថា អ៊ីស្រាអែល «ត្រូវតែមានការគ្រប់គ្រង» លើច្រករបៀង Philadelphia ដែលជាតំបន់លាតសន្ធឹងតាមបណ្តោយព្រំដែន Gaza ភាគខាងត្បូងជា មួយអេហ្ស៊ីប ទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ តំបន់នៃច្រករបៀងនោះហើយ ដែលនាយករដ្ឋ មន្ត្រីអ៊ីស្រាអែលអះអាងថា ជាតំបន់នាំចួលអាវុធរបស់ក្រុមហាម៉ាស់ទៅក្នុងទឹកដីនៃតំបន់ហ្គាហ្សា។ ដោយបង្ហាញពីស្ថានភាពជាមួយនឹងគំនូសតាង និងពន្យល់ពីប្រវត្តិសាស្រ្តមួយចំនួននៅពីក្រោយច្រករបៀងយុទ្ធសាស្ត្រ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថាគឺច្រករបៀង នោះហើយ ដែលជាខ្សែកំណត់ជីវិតរបស់ក្រុមហាម៉ាស់។

បាតុកម្មរបស់ក្រុមអ្នកតវ៉ា ដើម្បីរកការដាក់សម្ពាធទៅលើរូបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដើម្បីឱ្យមានធានារកកិច្ចឈប់បាញ់គ្នាមួយជាមួយក្រុមហាម៉ាស់ ក្នុងបំណងរកការដោះលែងចំណាប់ខ្មាំងនោះ ត្រូវគេឃើញថា ទំនងមិនអាចបំបែរចិត្តរបស់លោកណេថាន់យ៉ាហ៊ូ ឱ្យងាកចេញពីនយោបាយនៃយុទ្ធសាស្ត្ររបស់លោកឡើយ។

ក្រុមហាម៉ាស់ នៅជាមួយគ្នានេះវិញបានព្រមានថា វាសនាចំណាប់ខ្មាំងដទៃទៀតនឹងត្រូវ ជួបប្រទះដូចអ្នកបាត់បង់ជីវិតទាំងនោះបើសិនណាជាកិច្ចព្រមព្រៀងឈប់បាញ់នឹងមិនបាន សម្រេចឡើងនោះទេ។ គួរបញ្ជាក់ថាចំនួនចំណាប់ខ្មាំងដែលនៅសេសសល់ ត្រូវបានរំពឹងថា មានប្រមាណ ១០១នាក់ ខណៈ៧២នាក់ត្រូវបានបាត់បង់ជីវិតក្នុងពេលស្ថិតនៅជាមួយក្រុមហាម៉ាស់។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងបន្ទោសដាក់ទៅលើរួបលោកនាយករដ្ឋមន្ត្រី ជុំវិញហេតុការណ៍ដែលមានការស្លាប់នូវចំណាប់ខ្មាំង។ លោកចូបៃដិនបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងវាសនា ចំណាប់ខ្មាំង បានឈានដល់ភាពកាន់តែក្បែរក្នុងការសម្រេចទៅហើយ ប៉ុន្តែលោកថាគឺ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនោះទេ ដែលមិនបានធ្វើកិច្ចការពេញលេញគ្រប់គ្រាន់ដើម្បីរក ការធានាលើ កិច្ចព្រមព្រៀងនោះ៕