(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា ប្រកាសពីការចោទប្រកាន់ព្រហ្មទណ្ឌជាផ្លូវការ ប្រឆាំងមេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាស ជុំវិញតួនាទីរបស់ពួកគេ នៅក្នុងការរៀបចំផែនការ ការគាំទ្រ និងការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការចោទប្រកាន់ គឺធ្វើឡើងប្រឆាំងនឹងមេដឹកនាំហាម៉ាស លោក Yahya Sinwar និងមន្ត្រីហាម៉ាស៥នាក់ផ្សេងទៀតជាប់ចោទពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ មនុស្សជាង ១២០០នាក់ ក្នុងនោះមានជនជាតិអាមេរិកជាង ៤០នាក់។ ការវាយប្រហារនេះបានបណ្ដាលឱ្យសង្រ្គាមនៅហ្កាហ្សាផ្ទុះឡើង ជាទីដែលជនជាតិប៉ាឡេស្ទីនជាង ៤០ ៨០០នាក់ ត្រូវបានសម្លាប់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Merrick Garland បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ដូចដែលបានគូសបញ្ជាក់ក្នុងពាក្យបណ្ដឹងរបស់យើង ជនជាប់ចោទទាំងនោះ ប្រដាប់ដោយអាវុធ ទទួលបានការគាំទ្រនយោបាយ និងជំនួយហិរញ្ញវត្ថុពីអ៉ីរ៉ង់ រួមទាំងការគាំទ្រពីហេសបូឡា បានជំរុញឱ្យកិច្ចប្រឹងប្រែងរបស់ហាម៉ាសដើម្បីកម្ទេចរដ្ឋអ៉ីស្រាអែល និងសម្លាប់ជនស៊ីវិល»។
គួរបញ្ជាក់ថា ពាក្យបណ្ដឹងខាងលើ មានឈ្មោះជនជាប់ចោទ ៦នាក់ ក្នុងនោះមាន៣នាក់បានស្លាប់។ ជនជាប់ចោទដែលនៅរស់ រួមមានលោក Sinwar ដែលត្រូវបានគេជឿជាក់ថាកំពុង លាក់ខ្លួនក្នុងតំបន់ហ្កាហ្សា លោក Khaled Meshaal កំពុងរស់នៅក្នុងទីក្រុងដូហា និងលោក Ali Baraka ជាមន្ត្រីជាន់ខ្ពស់ហាម៉ាសឈរជើងនៅលីបង់។
ចំណែក ជនជាប់៣នាក់ ដែលបាន ស្លាប់ រួមមានអតីតមេដឹកនាំនយោបាយហាម៉ាស លោក Ismail Haniyeh ដែលត្រូវបានគេធ្វើឃាតក្នុងទីក្រុងតេហេរ៉ង់ កាលពីខែកក្កដា ប្រមុខយោធាហាម៉ាស លោក Mohammed Deif ដែលអ៉ីស្រាអែលអះអាងថាខ្លួនបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា កាលពីខែកក្កដា និងលោក Marwan Issa មេបញ្ជាការរងរបស់ហាម៉ាសត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសកាលពីខែមីនា៕