(ដាកា)៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែស បានកើនឡើងដល់ ៧១នាក់ ខណៈដែលមនុស្សរាប់លាននាក់នៅតែជាប់គាំងនៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ និងបង្កើនការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺរាតត្បាត នៅពេលដែលទឹកជំនន់បានស្រកចុះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។

ទឹកជំនន់ដ៏សាហាវនៅបង់ក្លាដែស ដែលបណ្តាលមកពីភ្លៀងមូសុងឥតឈប់ឈរ និងទឹកហូរចេញពីផ្លូវទឹកខាងលើ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ ប្រជាជនប្រមាណ ៥លាននាក់បានរងផលប៉ះពាល់ ហើយជាង ៥៨០,០០០ គ្រួសារនៅតែជាប់គាំង ដោយត្រូវការជំនួយជាបន្ទាន់ដូចជា អាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្លៀកបំពាក់ស្ងួត។

ក្រុមគ្រូពេទ្យ កងទ័ព និងអង្គភាពជួយសង្គ្រោះផ្សេងៗកំពុងខិតខំជួយសង្គ្រោះប្រជាជន និងផ្តល់ការព្យាបាលដល់អ្នករងគ្រោះ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងតាមទឹក ដែលជាផលវិបាកធម្មតាមួយបន្ទាប់ពីមានគ្រោះទឹកជំនន់ ព្រមទាំងធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនផងដែរ។

ទឹកជំនន់ក៏បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្មផងដែរ។ យោងតាមការវាយតម្លៃបឋមរបស់ក្រសួងកសិកម្ម ដំណាំដែលមានតម្លៃជាង ២៨០លានដុល្លារអាមេរិកត្រូវបានខូចខាត ដែលប៉ះពាល់ដល់កសិករជាង ១.៤លាននាក់។

អង្គការយូនីសេហ្វបានព្រមានថា កុមារប្រមាណ ២លាននាក់កំពុងប្រឈមនឹងហានិភ័យពីទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ ហើយបានអំពាវនាវឱ្យមានជំនួយជាបន្ទាន់ចំនួន ៣៥លានដុល្លារ ដើម្បីផ្តល់ការផ្គត់ផ្គង់ចាំបាច់ដល់អ្នកដែលរងផលប៉ះពាល់។ ទឹកជំនន់នេះ គឺជាផលវិបាកមួយនៃការប្រែប្រួលអាកាសធាតុ ដែលកំពុងបង្កជាគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងធ្ងន់ធ្ងរឡើងនៅទូទាំងពិភពលោក រួមទាំងនៅប្រទេសបង់ក្លាដែសផងដែរ៕