(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែលសព្វថ្ងៃ មិនមែនត្រឹមតែកំពុងធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ តែក៏កំពុងប្រយុទ្ធនៅលើសមរភូមិជាច្រើនផ្សេងទៀតផងដែរ។ នៅឯតំបន់វែសប៊ែង (West Bank) យោធាអ៉ីស្រាអែលបានបើកប្រតិបត្តិការវាយឆ្មក់ និងវាយប្រហារតាមផ្លូវអាកាសលើក្រុមសកម្មប្រយុទ្ធ នៅតាមទីក្រុងជាច្រើនរបស់ប៉ាឡេស្ទីន ដោយ សម្លាប់មនុស្សជាង ៦០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ដែលជាប្រតិបត្តិការយោធាសម្លាប់មនុស្សច្រើនបំផុតក្នុងតំបន់ West Bank អស់រយៈពេលជាង ២ទសវត្សរ៍មកនេះ។

នៅឯតាមបណ្ដោយព្រំដែនលីបង់ និងអ៉ីស្រាអែលឯណោះវិញ អ៉ីស្រាអែលបានបាញ់ផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមកជាមួយក្រុមហេសបូឡា ខណៈសង្រ្គាមស្រមោលជាមួយអ៉ីរ៉ង់ លេចចេញជារូបរាងបន្តិចម្ដងៗ ជាមួយការវាយប្រហារសងសឹកគ្នាទៅវិញទៅមកកាលពីខែមេសាកន្លងទៅ បង្កឱ្យភាពការភ័យខ្លាចពីហានិភ័យនៃការផ្ទុះសង្រ្គាមទាំងស្រុងរវាងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ក្នុងតំបន់មជ្ឈិមបូព៌ា ដែលជាសង្រ្គាមមួយត្រូវបានក្រុមអ្នកវិភាគយល់ថាអាចនឹងអូសឱ្យសហរដ្ឋអាមេរិកលូកដៃចូលរួមដែរ ប្រសិនពិតជាផ្ទុះឡើង មែននោះ។

* ហេតុអ្វីអ៉ីស្រាអែលនៅតែបន្តធ្វើសង្រ្គាមក្នុងតំបន់ហ្កាហ្សា?
បើទោះជាបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាសមួយផ្នែកធំ និងសម្លាប់ក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ក៏ពិតមែន ក៏សង្រ្គាមហ្កាហ្សានៅតែមិនទាន់មើលឃើញផ្លូវ ឆ្ពោះទៅរកទីបញ្ចប់នោះដែរ។ នោះគឺដោយសារតែ អ៉ីស្រាអែលខ្លួនឯងបានកំណត់គោលដៅធំពេក គឺកម្ទេចក្រុមហាម៉ាស សម្លាប់មេដឹកនាំហាម៉ាសផ្ដាច់ពូជ និងរំដោះចំណាប់ខ្មាំង ប្រហែលជា១០០នាក់ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់ហាម៉ាស។ ផ្ទុយពីអ៉ីស្រាអែល ហាម៉ាសវិញមិនមានគោលដៅច្រើនទេ តែមានគោលដៅធំតែមួយគត់គឺធ្វើយ៉ាងណាឱ្យចលនា របស់ពួកគេ នៅអាចរស់រានមានជីវិត ទោះសង្រ្គាមបញ្ចប់ក៏ដោយ។ ផ្លូវរូងក្រោមដីរបស់ហាម៉ាសក្នុងតំបន់ហ្កាហ្សា ក៏ធ្វើឱ្យអ៉ីស្រាអែលពិបាកនឹងយកឈ្នះដែរ ខណៈវិធីសាស្ត្រមួយចំនួន របស់អ៉ីស្រាអែលខ្លួនឯង បានធ្វើឱ្យជ័យជម្នះកាន់តែពិបាកសម្រេចបានទៅទៀត។ យោធាអ៉ីស្រាអែលបានដកកងទ័ពចេញពីតំបន់ជាច្រើន ដែលខ្លួនវាយដណ្ដើមបាន ដែលនេះបាន ទុកឱកាសឱ្យហាម៉ាសប្រមូលផ្ដុំកម្លាំងឡើងវិញ។ លើសពីនេះទៅទៀត ការចរចាស្វែងរកបទឈប់បាញ់នៅតែបន្តជាប់គាំង ដ្បិតមានហេតុផលមួយផ្នែកធំ គឺមកពី នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ចង់បានត្រឹមតែបទឈប់បាញ់បណ្ដោះអាសន្នមួយដែលឱ្យអ៉ីស្រាអែលអាចធ្វើសង្រ្គាមឡើងវិញបានគ្រប់ពេល ហើយ មេដឹកនាំហាម៉ាស លោក Yahya Sinwar ចង់បានបទឈប់បាញ់បញ្ចប់សង្រ្គាមទាំងស្រុង។

* ហេតុអ្វីអ៉ីស្រាអែល វាយឆ្មក់តំបន់ West Bank?
នៅពេលដកកងទ័ពចេញពីតំបន់ហ្កាហ្សា កាលពីឆ្នាំ២០០៥ អ៉ីស្រាអែលបានរក្សាទុកកងទ័ពឱ្យឈរជើងក្នុងតំបន់ West Bank ដើម្បីការពារជនជាតិអ៉ីស្រាអែលជិត ៥០០ ០០០នាក់ ដែលកំពុងរស់នៅតាមទីលំនៅសាងសង់ដោយរដ្ឋាភិបាលអ៉ីស្រាអែល ដែលប្រទេសភាគច្រើននៅលើពិភពលោកចាត់ទុកថាការជាការតាំងទីលំនៅខុសច្បាប់។ តាមពិតទៅ យោធាអ៉ីស្រាអែលបានដឹកនាំប្រតិបត្តិការវាយឆ្មក់ជាប្រចាំលើទីក្រុងជាច្រើននៅក្នុងតំបន់ West Bank ដែនដីប៉ាឡេស្ទីន ដើម្បីកម្ចាត់ចលនាប្រដាប់អាវុធប៉ាឡេស្ទីនជាច្រើន ក្នុងនោះ រួមទាំងបណ្ដាញរបស់ហាម៉ាស។ ចលនាប្រដាប់អាវុធទាំងនេះភាគច្រើនមិនទទួលស្គាល់អ៉ីស្រាអែលឡើយ និងបានបង្កើនការធ្វើសកម្មភាពរឹតតែសកម្មឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមគ្នានឹងអ៉ីស្រាអែលបង្កើនសកម្មភាពសង់ទីលំនៅខុសច្បាប់ក្នុងតំបន់ West Bank។ ការសាងសង់ទីលំនៅខុសច្បាប់សម្រាប់និគមជនអ៉ីស្រាអែលបានដុតបញ្ឆេះកំហឹងខឹងស្អប់របស់ ប្រជាជនប៉ាឡេស្ទីនចំពោះអ៉ីស្រាអែល។

ណាមួយ ការកើនឡើងអំពើហិង្សាប្រព្រឹត្តដោយក្រុមនិគមជនអ៉ីស្រាអែលជ្រុលនិយមប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន ដោយគ្មានទោសពៃ និងការបង្កើនសកម្មភាពតាំងទីលំនៅរបស់ ពួកគេក្នុងតំបន់ West Bank ត្រូវបានចលនាប្រដាប់អាវុធប៉ាឡេស្ទីនយកធ្វើជាហេតុផល និងជាភាពត្រឹមត្រូវដើម្បីងើបឡើងតស៊ូប្រឆាំងអ៉ីស្រាអែល។ ចាប់តាំងពីសង្រ្គាមហា្កហ្សាផ្ទុះឡើង មក អ៉ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនលើចលនាប្រដាប់អាវុធប៉ាឡេស្ទីន ដោយអះអាងថាចលនាទាំងនោះធ្វើសកម្មភាពរឹតតែសកម្ម ក្រោមការជួយជ្រោមជ្រែងពីអ៉ីរ៉ង់។
អ៉ីស្រាអែលថែមទាំងនិយាយទៀតផងថាអាជ្ញាធរប៉ាឡេស្ទីន ដែលជាអ្នកគ្រប់គ្រងរដ្ឋបាលលើទីក្រុងនានាក្នុងតំបន់ West Bank មានភាពទន់ខ្សោយមិនអាចទប់ទល់ជាមួយ ចលនាប្រដាប់អាវុធទាំងនោះបានដោយខ្លួនឯងនោះទេ។

* ហេតុអ្វីអ៉ីស្រាអែលវាយប្រហារលើលីបង់?
ក្រុមហេសបូឡា ជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស និងមានអ៉ីរ៉ង់ជាខ្នងបង្អែក ហើយដែលគ្រប់គ្រងទឹកដីមួយផ្នែកធំនៃតំបន់ភាគខាងត្បូងប្រទេសលីបង់ បានបង្ហាញសាមគ្គីភាពជាមួយ ហាម៉ាសតាមរយៈការបាញ់ផ្លោងលើតំបន់ព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល។ ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក អ៉ីស្រាអែល និងក្រុមហេសបូឡា បានបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក នៅតាមបណ្ដោយព្រំដែនអ៉ីស្រាអែល និងលីបង់។ តែព្រមពេលជាមួយគ្នា ក្រុមអ្នកវិភាគបាននិយាយថាទាំងអ៉ីស្រាអែល និងហេសបូឡា មានហេតុផលល្អរៀងៗខ្លួន ដើម្បីបញ្ចៀសកុំឱ្យសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើង។ អ៉ីស្រាអែលបានអះអាងថានឹងមិនបញ្ឈប់ការវាយប្រហារលើមូលដ្ឋានក្រុមហេសបូឡាទេ រហូតទាល់តែ ព្រំដែនភាគខាងជើងរបស់ខ្លួនជាប់ជាមួយលីបង់មានសុវត្ថិភាព ហើយប្រជាជនអ៉ីស្រាអែលជាង ៦០ ០០០នាក់ដែលបានភៀសខ្លួនអាចត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។

ចំណែក ហេសបូឡាវិញក៏បានអះអាងដូចគ្នាដែរថានឹងមិនបញ្ឈប់ការវាយប្រហារលើអ៉ីស្រាអែលឡើយ រហូតទាល់តែមានបទឈប់បាញ់បញ្ចប់សង្រ្គាមហ្កាហ្សាជាស្ថាពរ។ ដូច្នេះដរាបណា សង្រ្គាមហ្កាហ្សានៅតែបន្ត នោះការបាញ់ផ្លោងដាក់គ្នារវាងអ៉ីស្រាអែល និងហេសបូឡា អាចនឹងបង្កើនហានិភ័យនៃការគណនាខុសណាមួយដែលអាចនឹងធ្វើឱ្យជម្លោះធ្លាយចេញពី ការគ្រប់គ្រង។

* ហេតុអី្វអ៉ីស្រាអែលប្រទូសរ៉ាយជាមួយអ៉ីរ៉ង់?
អស់រយៈពេលរាប់ទសវត្សរ៍មកនេះ មេដឹកនាំអ៉ីរ៉ង់តែងតែគំរាមកម្ទេចអ៉ីស្រាអែលជារឿយៗ។ ប្រទេសទាំង២បានធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍គ្នាទៅវិញទៅមក ដែលជាទូទៅគេ ហៅថា «សង្រ្គាមស្រមោល»។ អ៉ីស្រាអែលមើលឃើញថាកិច្ចប្រឹងប្រែងណាមួយរបស់អ៉ីរ៉ង់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរគឺជាការគំរាមកំហែងដល់អាយុជីវិតជាតិ ហើយជាញឹកញាប់បាន ព្យាយាមធ្វើយុទ្ធនាការបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ នៅមុនសង្រ្គាមហ្កាហ្សាផ្ទុះឡើង ទាំងអ៉ីស្រាអែល និងអ៉ីរ៉ង់ តែងតែព្យាយាមបញ្ចៀសការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ដោយអ៉ីស្រាអែលមិនដែលទទួលស្គាល់ការលួចសម្លាប់មន្ត្រីអ៉ីរ៉ង់ទេ រីឯអ៉ីរ៉ង់វិញក៏មិនបង្ករឿងឱ្យកាន់តែធំនោះដែរជាមួយការជ្រើសរើសបញ្ជាឱ្យដៃជើងរបស់ខ្លួនក្នុងតំបន់ដូចជា ហាម៉ាស ហេសបូឡា និងក្រុមហ៊ូទី នៅយេម៉ែនជាដើម បើកការវាយប្រហារលើអ៉ីស្រាអែល។ ប៉ុន្តែ ចំពោះមុខសង្រ្គាមហ្កាហ្សា សង្រ្គាមស្រមោលរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ហាក់ដូចជាបើកចំហ ទៅវិញ។ កាលពីខែមេសាកន្លងទៅ អ៉ីស្រាអែលបានវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់ ក្នុងប្រទេសស៊ីរីសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៉ីរ៉ង់ជាច្រើននាក់។

អ៉ីរង់បានសងសឹកតាមរយៈការបាញ់ស្រោចដ្រូន និងមីស៊ីលដោយផ្ទាល់ជាលើកដំបូងលើអ៉ីស្រាអែល តែបង្កការខូចខាតតិចតួចប៉ុណ្ណោះ។ ពីព្រោះប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល និងការជួយគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាសហរដ្ឋអាមេរិក បានបាញ់កម្ទេចដ្រូន និងមីស៊ីលរបស់អ៉ីរ៉ង់ស្ទើរតែទាំងអស់។ ប៉ុន្តែ ការវាយប្រហារនេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែ ខ្លាំងពីហានិភ័យផ្ទុះសង្រ្គាមទាំងស្រុង ក្នុងបរិបទដែលអ៉ីរ៉ង់បានគំរាមថានឹងសងសឹកអ៉ីស្រាអែល សម្រាប់ការសម្លាប់មេដឹកនាំហាម៉ាស លោក Ismail Haniyeh នៅលើទឹកដីអ៉ីរ៉ង់ កាលពីខែកក្កដាកន្លងទៅ៕