(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នឹងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល នៅថ្ងៃសុក្រសប្តាហ៍នេះ សម្រាប់ទស្សនកិច្ចរយៈពេល ២ថ្ងៃ ដើម្បីជួបមេដឹកនាំកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរព្រមព្រៀង ធ្វើឱ្យទំនាក់ទំនងមានភាពប្រសើរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ ២០២៤។

ប្រទេសជិតខាងក្នុងតំបន់អាស៉ី ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងពីរនេះ មានជម្លោះនឹងគ្នាជាយូរមកហើយ ជុំវិញបញ្ហាប្រវតិ្តសាស្រ្ត។ ប៉ុន្តែនៅក្រោមរដ្ឋបាលប្រធានាធិបតី Yoon Suk Yeol បានកំណត់ការធ្វើទំនាក់ទំនងជាមួយជប៉ុន ជាគោលដៅអាទិភាពចំពេលមានការប្រឈមមុខ នឹងការគំរាមកំហែងពីកូរ៉េខាងជើង ហើយចាប់ផ្តើមការធ្វើទស្សនកិច្ចប្រទេសជប៉ុន កាលពីឆ្នាំ ២០២៣។

អ្នកនាំពាក្យខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក Yoshimasa Hayashi បានបញ្ជាក់ថា «ជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏សំខាន់របស់គ្នាទៅវិញទៅមក ដែលគួរតែធ្វើការក្នុងភាពជាដៃគូ ដើម្បីដោះស្រាយបញ្ហាអន្តរជាតិជាច្រើន»។ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក Kishida ដែលនឹងមិនស្វែងរកអាណត្តិថ្មី សម្រាប់តំណែងនាយករដ្ឋមន្រ្តីនោះ ចង់ជួប លោក យូន ហើយប្រាប់លោកថា ទំនាក់ទំនងដ៏កក់ក្តៅនេះ នឹងបន្តនៅក្រោមរដ្ឋាភិបាលបន្ទាប់។ ប្រទេសទាំងពីរ ក៏នឹងឆ្លុះបញ្ចាំងអំពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-ជប៉ុន ហើយពិភាក្សាអំពីទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិនោះ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកផងដែរ។

គួរបញ្ជាក់ថា លោក Kishida និងលោក Yoon ធ្លាប់ជួបគ្នាអំឡុងកិច្ចប្រជុំកំពូលត្រីភាគីជាមួយចិន កាលពីខែឧសភា ដោយកាលណោះ លោក Yoon បានលើកឡើងថា ទំនុកចិត្ត និងការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងកូរ៉េខាងត្បូង និងជប៉ុនបានកើនឡើងខ្លាំង ដោយចង្អុលបង្ហាញទៅលើវិស័យទេសចរណ៍ទ្វេភាគី៕