(អ៊ូឡង់បាទ័រ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបលោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី ក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ (Ulaanbaatar) នៅថ្ងៃអង្គារ ទី៣ ខែកញ្ញានេះ ក្នុងដំណើរទស្សនកិច្ចដំបូងរបស់ លោក ពូទីន ទៅកាន់ប្រទេស ដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចាប់តាំងពីមានដីកាចាប់ខ្លួនរូបលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ពូទីន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលចុះចតដល់រដ្ឋធានី Ulaanbaatar កាលពីយប់ថ្ងៃចន្ទ មុនពេលផ្តើមដំណើរទស្សនកិច្ច ដែលត្រូវបានគេមើលឃើញថា ជាការប្រឆាំងនឹងដីកាចាប់ខ្លួនរបស់ ICC ការរិះគន់ពីសំណាក់អ៊ុយក្រែន លោកខាងលិច និងក្រុមសិទ្ធិមនុស្ស ដែលសុទ្ធសឹងតែអំពាវនាវឱ្យមានការឃុំខ្លួនរូបលោក។

នៅឯទីលាន Genghis Khan មានដោតទង់ជាតិម៉ុងហ្គោលី និងទង់ជាតិរុស្ស៉ី ដើម្បីបង្ហាញពីការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចដំបូង របស់លោក ពូទីន ក្នុងរយៈពេល ៥ឆ្នាំ។ ​លោក ពូទីន មកកាន់ម៉ុងហ្គោលី ដើម្បី​ចូលរួមប្រារព្ធ​ខួប​លើក​ទី ៨៥នៃ​ជ័យជម្នះ​​លើ​​ចក្រភព​ជប៉ុន ដោយ​កងកម្លាំង​ម៉ុងហ្គោលី និង​សូវៀត។

មុនពេលមានទស្សនកិច្ចនេះ លោក ពូទីន ធ្លាប់ចង្អុលបង្ហាញពីគម្រោងសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលជាការសន្យា នៃប្រទេសទាំងពីរ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកាសែតម៉ុងហ្គោលី Unuudur។ ក្នុងចំណោមគម្រោងនោះ ក៏មាននូវការសាងសង់បំពង់ឧស្ម័ន តភ្ជាប់ជាមួយចិន និងរុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា ជាប្រទេសប្រជាធិបតេយ្យ ដែលស្ថិតនៅចន្លោះមហាអំណាចដូចជារុស្ស៉ី និងចិន នាំឱ្យម៉ុងហ្គោលី ទទួលបាន ទំនាក់ទំនងវប្បធម៌ជិតស្និទ្ធជាមួយទីក្រុងមូស្គូ ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់ ជាមួយទីក្រុងប៉េកាំង។ ចាប់តាំងពីឆ្នាំ ១៩៩១មក ម៉ុងហ្គោលីព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រទេសទាំងពីរ៕