(ហែលស៉ិនគី)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសហ្វាំងឡង់ លោក Antti Hakkanen បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំដាក់សំណើ ដើម្បីហាមឃាត់ជនជាតិរុស្ស៉ីពីការទិញអចលទ្រព្យ នៅក្នុងប្រទេសរបស់ខ្លួន ដែលជាចំណាត់ការមួយដើម្បីការពារសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ ២០២៤។

ទំនាក់ទំនងរវាងហ្វាំងឡង់ និងរុស្ស៉ីដែលជាប្រទេសជិតខាង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង និងដែលបាននាំឱ្យទីក្រុងហែលស៉ិនគី ប្រឹងប្រែងដើម្បីបានក្លាយជាសមាជិក នៃបក្សសម្ព័ន្ធយោធាណាតូ (NATO)។ សំណើហាមឃាត់ផ្នែកអចលនទ្រព្យ​នាពេលនេះ នឹងត្រូវធ្វើឡើងចំពោះពលរដ្ឋសញ្ជាតិពីរ និងអ្នកស្នាក់នៅអចិន្រ្តៃយ៍រុស្ស៉ី ក្នុងប្រទេសហ្វាំងឡង់ ក៏ដូចជានៅអឺរ៉ុប ហើយត្រូវ​មាន​ការ​ពិគ្រោះ​យោបល់​ពី​អ្នក​ជំនាញ​ មុនការបោះ​ឆ្នោត​​សភា។ លោក Hakkanen បានប្រាប់សន្និសីទសារព័ត៌មានដូច្នេះថា «បទប្បញ្ញត្តិនេះ ​មាន​គោល​បំណង​ការពារ​អរិភាព ​ដែលអាចកើតមានប្រឆាំង​នឹង​ហ្វាំងឡង់។ ពេលនេះ ហ្វាំងឡង់កំពុងត្រួតពិនិត្យលើអចលនទ្រព្យចំនួន ៣,៥០០នៅក្នុងប្រទេស ដែលមានម្ចាស់ជាជនជាតិរុស្ស៉ី។

គួរបញ្ជាក់ថា ហ្វាំងឡង់ មានព្រំដែនគោកប្រវែង ១,៣៤០គីឡូម៉ែត្រជាមួយរុស្ស៉ី ហើយបានបិទច្រកឆ្លងកាត់ទាំងអស់រួចហើយ ដោយចោទប្រកាន់រុស្ស៉ីអំពី ការប្រើប្រាស់ជនចំណាកស្រុកមកពីអាស៉ី អាហ្វ្រិក ធ្វើជាអាវុធ តាមរយៈការជំរុញឱ្យពួកគេ ស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសរបស់ខ្លួន៕