(ហ្សាការតា)៖ សម្តេចសង្ឃកាតូលិក Pope Francis នាថ្ងៃអង្គារនេះ បានយាងមកដល់ឥណ្ឌូណេស៉ី ដែលជាប្រទេសមានអ្នក​កាន់សាសនាអ៉ីស្លាមភាគច្រើន ដើម្បីចាប់ផ្តើម ដំណើរបំពេញទស្សនកិច្ចរបស់ទ្រង់ ដែលមានរយៈពេលសរុបចំនួន១២ថ្ងៃ មកកាន់​តំបន់អាស៉ី-ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។

សម្តេចប៉ាប Francis នឹងចំណាយពេល៣ថ្ងៃ ស្ថិតនៅប្រទេសឥណ្ឌូណេស៉ី មុនបន្តដំណើរយាងទៅកាន់ប្រទេស៣ទៀត គឺប៉ាពូអាស៉ីនូវែលហ្គីណេ ទីម័រខាងកើត និងសិង្ហបុរី។ វានឹងជា ដំណើរទស្សនកិច្ច ដែលមានរយៈពេលយូរ និងចម្ងាយឆ្ងាយបំផុត អំឡុងអាណត្តិជាសម្តេចសង្ឃកាតូលិក របស់ទ្រង់។

សព្វថ្ងៃ អ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក មានចំនួនត្រឹមក្រោម៣ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបនៅឥណ្ឌូណេស៉ី គឺខ្ទង់​៨លាននាក់ ធៀបជាមួយនឹង៨៧ភាគរយ ឬ២៤២លាននាក់ ដែលជាអ្នកកាន់សាសនាអ៉ីស្លាម។ ទោះបែបនេះក៏ដោយ កាតូលិក ស្ថិតក្នុងចំណោម​សាសនាឬនិកាយទាំង៦ ដែលមានការទទួលស្គាល់ជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌូណេស៉ី។

គួរបញ្ជាក់ថា នេះគឺជាទស្សនកិច្ចលើកទី៣ មកកាន់ប្រទេសឥណ្ឌា ដែលធ្វើឡើងដោយសម្តេចប៉ាបមួយអង្គ និងជាលើកដំបូង គិតចាប់តាំងពីសម្តេចប៉ាប John Paul II កាលពីឆ្នាំ១៩៨៩។ ដំបូងឡើយ ទស្សនកិច្ចនេះ ត្រូវបានគ្រោងសម្រាប់​ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ហើយឥឡូវវាប្រព្រឹត្តទៅ ត្រឹម៣ខែប៉ុណ្ណោះ មុនសម្តេចប៉ាប Francis ឈានចូលព្រះជន្ម៨៨ព្រះវស្សា។ ទ្រង់បានក្លាយជាសម្តេចប៉ាប កាលពីឆ្នាំ២០១៣ បន្តពីសម្តេចប៉ាប Benedict XVI៕