(ម៉ានីល)៖ មនុស្សយ៉ាងហោចកើនដល់១៣នាក់ បានបាត់បង់ជីវិត នៅប្រទេសហ្វីលីពីន ដោយសារព្យុះត្រូពិក Yagi ខណៈ​សាលារៀន និងការិយាល័យរដ្ឋាភិបាល ត្រូវបានបិទទ្វារ នៅរដ្ឋធានីម៉ានីល និងបណ្តាខេត្តក្បែរខាង នាថ្ងៃអង្គារនេះ ព្រោះស្ថានភាព​អាកាសធាតុមិនល្អ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។

ព្យុះ Yagi បានបោកបក់ដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំក្រុង Casiguran ភាគខាងកើត ក្នុងខេត្ត Aurora។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំណុចកណ្តាលនៃព្យុះ ស្ថិតនៅលើផ្ទៃទឹកក្បែរឆ្នេរទីក្រុង Laoag ភាគខាងជើង ក្នុងខេត្ត Ilocos។ ព្យុះត្រូពិកនេះ បានរក្សាកម្លាំងខ្យល់បក់ ក្នុងល្បឿន ៧៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានរំពឹងថា នឹងបន្តដំណើរឆ្ពោះទៅកាន់​ភាគពាយព្យ លើសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់បង់ជីវិត គឺដោយសារគ្រោះរអិលបាក់ដី និងលង់ទឹក។ ជាទូទៅ ប្រទេសហ្វីលីពីន តែងទទួលរងការវាយប្រហារ ពីព្យុះត្រូពិកនិងព្យុះទីហ្វុង ជាមធ្យមចំនួន២០ព្យុះ ក្នុងមួយឆ្នាំ៕