(គីនស្ហាសា)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា មនុស្សយ៉ាងហោច១២៩នាក់ បានបាត់បង់ជីវិត ពេលព្យាយាមរត់គេចខ្លួន ចេញពីពន្ធនាគារ Makala នៅក្នុងរដ្ឋធានីគីនស្ហាសា (Kinshasa) កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍​កន្លងទៅ ប៉ុន្តែឥឡូវស្ថានការណ៍ ស្ថិតក្រោមការគ្រប់គ្រងបានហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសអាហ្រ្វិកកណ្តាលមួយនេះ គឺលោក Shabani Lukoo បានប្រាប់ឱ្យដឹងថា សកម្មភាពប៉ុនប៉ងហែកគុក ក្នុងទ្រង់ទ្រាយធំ នៅឯពន្ធនាគារ Makala បានបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ រួមជាមួយការខូតខាតសម្ភារធ្ងន់ធ្ងរ។ នៅមុននោះ មន្រ្តីពន្ធនាគារម្នាក់ បានអះអាងថា ពុំមានអ្នកទោសណាម្នាក់ បានរត់គេចខ្លួន ដោយជោគជ័យឡើយ ខណៈអ្នកដែល​បានព្យាយាមរត់គេចខ្លួន គឺត្រូវបានសម្លាប់ទាំងអស់។ ខាងរដ្ឋាភិបាលកំពុងបើកការស៉ើបអង្កេត ជុំវិញហេតុការណ៍នេះ។

គួរបញ្ជាក់ថា បើតាមលោក Lukoo អំឡុងហេតុការណ៍ខាងលើ ក៏មានគ្រោះអគ្គិភ័យកើតមានឡើង​ នៅអគាររដ្ឋបាល ឃ្លាំងអាហារ និងមន្ទីរពេទ្យរបស់ពន្ធនាគារ ផងដែរ៕